Connect with us

កសិករដាំស្វាយចន្ទីរ កុំទាន់អាលបោះបង់ចោល ទៅដាំដំណាំផ្សេង ខណៈតម្រូវការទីផ្សារនៅមានខ្ពស់ ហើយក្រសួងកសិកម្ម ក៏កំពុងរកមធ្យោបាយដើម្បីជួយគាំទ្រដល់វិស័យនេះ

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានកំពុងស្វែងរកមធ្យោបាយដើម្បីលើក ទឹកចិត្តអោយកសិករ អោយបន្តបង្កើនការដាំដំណាំស្វាយចន្ទីរ ខណៈផលិតកម្មស្វាយចន្ទីរ បានធ្លាក់ចុះ ជាង ៥០ភាគរយ បង្កអោយមានអស្ថិរភាពក្នុងវិស័យនេះ ។ ថ្លែងប្រាប់ណ្តាញផ្សព្វផ្សាយ ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការធ្លាក់ចុះនេះបានបង្ហាញអំពីអស្ថិរភាពនៅក្នុងវិស័យដំណាំស្វាយចន្ទីរ ខណៈកសិករ តែងតែផ្លាស់ប្តូរទៅដាំដំណាំកសិកម្មផ្សេងទៀត ដើម្បីរត់ទៅតាមតម្រូវការទីផ្សារ។


ឯកឧត្តម ហ៊ាន វណ្ណហន បានទទួលស្គាល់ថា កសិករ មិនមានទំនុកចិត្តលើការដាំដុះរបស់ពួកគេនោះទេ ពួកគេចង់ផ្លាស់ប្តូរទៅដាំដុះដំណាំកសិកម្មផ្សេង ពេលពួកគេមើលឃើញផលចំ ណេញកាន់តែច្រើន ឬ តម្រូវការខ្ពស់នៅលើទីផ្សារនេះ ។ ឯកឧត្តម បានបញ្ជាក់ថា ក្រសួងកសិកម្ម កំពុងព្យាយាមលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទី ដោយលើកទឹកចិត្តពួកគេ ឲ្យរួមគ្នាជាសហករណ៍នៅក្នុងគោលនយោបាយកសិកម្ម តាមកិច្ចសន្យា ដើម្បីទាក់ទាញអត្ថប្រយោជន៍កាន់តែច្រើនដល់ឧស្សាហកម្មនេះ ។ ក្រសួង ក៏បានបញ្ជូនមន្ដ្រីបច្ចេកទេសកសិកម្មទៅធ្វើការងារជាមួយកសិករ ដើម្បីទទួលបានការផលិតកាន់តែខ្ពស់ និងការចំណាយតិចផងដែរ។


ឯកឧត្តម ក៏បានលើកឡើងថា ក្រសួង មិនអាចធានាតម្លៃបានទេ ដោយសារវាជាទីផ្សារសេរី ប៉ុន្តែអាចធានា ថា ការផលិតនឹងទៅដល់អ្នកទិញ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ។ បើតាមរបាយការណ៍បានបង្ហាញថា ផលិតកម្មស្វាយចន្ទីរបស់កម្ពុជា បានធ្លាក់ចុះជាង ៥០ ភាគរយ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ គិតត្រឹមឆ្នាំ ២០១៧ ដោយសារតែកសិករទូទៅផ្លាស់ប្តូរទៅដាំដំណាំកសិកម្មផ្សេងទៀត ក្នុងការរត់ទៅតាមទីផ្សារ។


ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ២៩៥ ៧៩១ តោន កាលពីឆ្នាំ ២០១៤ ជាមួយនឹងការនាំចេញកើនឡើងដល់ ២៧០ ៦៩៦ តោន ។ ទោះបីយ៉ាងនេះក្តី ទាំងបរិមាណផល និង ការនាំចេញ បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ឆ្នាំ ២០១៧ ។ កាលពីឆ្នាំ ២០១៧ ការផលិតបានធ្លាក់ចុះមកនៅត្រឹម ១៤២ ៧៧៣តោន ពោលគឺ ធ្លាក់ចុះ ៥១,៧៣ ភាគរយ ជាមួយនឹងការនាំចេញបានត្រឹម ៧៣ ១៧៩ តោនប៉ុណ្ណោះ គឺធ្លាក់ចុះ ៧២,៩៦ ភាគរយបើធៀបនឹងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ។ របាយការណ៍បន្តថាទីផ្សារជាទិសដៅសំខាន់របស់គ្រាប់ស្វាយចន្ទីកម្ពុជាគឺវៀតណាម ចិន និងប្រទេសឥណ្ឌា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com