Connect with us

ក្រសួងបរិស្ថាន ជំរុញអោយយុវជនកម្ពុជា ចូលរួមក្នុងការថែរក្សាស្រទាប់អូហ្សូន តាមរយៈការ ច្នៃប្រឌិតរកនូវសារធាតុនានា ដែលមិនបំផ្លាញដល់ស្រទាប់អូហ្សូន

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខី នៅថ្ងៃទី ៣ ខែកញ្ញានេះ បាន ធ្វើការផ្សព្វផ្សាយនូវការអនុវត្តពិធីសារម៉ុងរ៉េអ៊ាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ខណៈដែលការប្រារព្ធទិវាស្រទាប់អូហ្សូនពិភពលោក នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ។ ក្នុងឪកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបំផុស និង លើកទឹកចិត្តអោយយុវជនកម្ពុជា ដែលមានជំនាញ រួមគ្នារិះរកនូវគំនិតច្នៃប្រឌិត រកនូវសារធាតុជំនួសអោយសារធាតុនានា ដែលបំផ្លាញស្រទាប់អូហ្សូន ដើម្បីរួមគ្នាថែរក្សាស្រទាប់អូហ្សូន រក្សាបរិយាកាស និង រក្សាតុល្យភាពជីវៈចម្រុះគ្រប់ប្រភេទលើភពផែនដី ។


បើតាមឯកឧត្តម អ៊ាង សុផល្លែត បានអោយដឹងថា សាធាតុបំផ្លាញស្រទាប់អូហ្សូនជាច្រើនប្រភេទ ដែលកំពុងត្រូវបានប្រើប្រាស់ដោយមិនដឹងខ្លួន រួមាន តាមរយៈគ្រឿងបរិក្ខាម៉ាស៊ីន និងថ្នាំកសិកម្មនានា ។ ឯកឧត្តម ក៏បានអោយដឹងផងដែរថា ដោយមានកិច្ចខិតខំប្រឹងប្រែងពីប្រជាពលរដ្ឋទូទាំងពិភពលោក តាមរយៈការចូលរួមអនុវត្តសកម្មភាពនានា ចាប់តាំងពីឆ្នាំ ១៩៨៧ ពិភពលោក ទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដោយកាត់បន្ថយការធ្លុះធ្លាយស្រទាប់អូហ្សូនពីជាង ២៦លានគីឡូម៉ែតក្រឡា មកនៅត្រឹមប្រមាណ ១៦លានគីឡូម៉ែត្រក្រលា នៅឆ្នាំ២០១៧មុននេះ ។


គួររំលឹកថា ស្រទាប់អូហ្សូន ត្រូវបានគេរកឃើញក្នុងសុញ្ញាកាសចន្លោះពី ១៦ ទៅ ៥០ គីឡូម៉ែត្រ ពីផែនដី ។ ស្រទាប់ អូហ្សូន កកើតឡើងពីអាតូមអ៊ុកស៊ីសែន ចំនួន៣(O3) និង ជួយការពារខ្លួនយើងពីរលកកាំរស្មីព័ណ៌ស្វាយ(UV)ពីព្រះអាទិត្យ ។ ការបាត់បង់ស្រទាប់អូហ្សូន នឹងធ្វើឱ្យមានការកើនឡើងកាំរស្មីព័ណ៌ស្វាយមកលើផែនដី ដែលនាំឱ្យកើននូវសម្ពាធមកលើស្បែក និងប្រព័ន្ធ ការពារ ដែលធ្វើមានឥទ្ធិពលមិនល្អ មកលើរាងកាយមនុស្ស រុក្ខជាតិ សត្វ និងវត្ថុប្រើប្រាស់ ផ្សេងៗ ឆាប់ទ្រុឌទ្រោម ។


គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាទីក្រុង វីយ៉េន ស្តីពីកិច្ចការពារស្រទាប់ អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០០១ និង បានរៀបចំ និងអនុវត្ដនូវកម្មវិធីជាតិ និង ផែនការមួយចំនួន ក្នុងការគ្រប់គ្រងលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន នៅព្រះរាជាណាចក្រកម្ពុជា។


តាមរបាយការណ៍ បានអោយដឹងថា កម្ពុជា បានលុបបំបាត់ទាំងស្រុងសារធាតុ CFC (ក្លរួភ្លុយអររ៉ូកាបូន) នាឆ្នាំ២០១០ ហើយបច្ចុប្បន្ន កំពុងអនុវត្តផែនការលុបបំបាត់សារធាតុ ហាយដ្រូផ្លុយអររ៉ូកាបូន (HCFC) ដែលជាសារធាតុ មានសក្តានុពលធ្វើអោយកើនឡើងកំដៅផែនដីខ្ពស់ជាង ឧស្ម័នកាបូនិក រហូតដល់ជាង ១០០០- ១ ៣០០០ដង អោយបាននៅឆ្នាំ ២០៤០ខាងមុខ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម