Connect with us

FIFA និង AFC ឯកភាពបង្កើតពានរង្វាន់ Club Championship តំបន់អាស៊ាន

ពិតជាប្រសើរណាស់!

អាស៊ាន៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បានឯកភាពលើការបង្កើតពានរង្វាន់ Asean Club Championship ដែលមានការចូលរួមពីក្លិបបាល់ទាត់អាជីពចំនួន ១២ ដែលជាសមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF ។

ពានរង្វាន់ Asean Club Championship ប្រចាំតំបន់អាស៊ាន ហៅកាត់ ACC នឹងចាប់ផ្ដើមដំណើរការ ចាប់ពីឆ្នាំ២០២០តទៅ។ សហព័ន្ធបាល់ទាត់អាស៊ាន នឹងទទួលរ៉ាប់រងរៀបចំការប្រកួតពានរង្វាន់ប្រចាំតំបន់មួយនេះ។ ចំពោះ ក្លិបបាល់ទាត់អាជីពដែលអាចមានឱកាសចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់នេះ នឹងទទួលបានទឹកប្រាក់រង្វាន់ដែលនឹងត្រូវបានកំណត់ទៅតាមវគ្គនីមួយៗ ហើយប្រាក់រង្វាន់នឹងកើនឡើងជាលំដាប់ នៅពេលក្លិបនីមួយៗ ឆ្លងផុតពីវគ្គមួយទៅវគ្គមួយ។

ប្រធាន FIFA លោក Gianni Infantino និង ប្រធាន AFC លោក Salman bin Ebrahim Al Khalifa បានធ្វើការអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះការបង្កើតពានរង្វាន់ ACC ។ ប្រធាន AFF លោក ខៀវ សាម៉េត បានលើកឡើងថា ពានរង្វាន់ ACC នឹងរួមចំណែកដល់ការអភិវឌ្ឍក្រុមបាល់ទាត់ជម្រើសជាតិនៃបណ្ដាប្រទេសសមាជិកអាស៊ាន និងទាញចំណូលបន្ថែមសម្រាប់ក្លិប ក៏ដូចជា លីគបាល់ទាត់ទាំងឡាយក្នុងតំបន់ដែលមានប្រជាជនជាង ៦៥០លាននាក់នេះ។

សូមជម្រាបថា ពានរង្វាន់ ACC ត្រូវបានឯកភាពក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំកំពូលរបស់ AFF ចូលរួមនៅទីក្រុងហូជីមិញ កាលពីសប្ដាហ៍មុន។ សេចក្ដីលម្អិត ជុំវិញពានរង្វាន់ ACC នឹងត្រូវប្រកាសជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម