Connect with us

គ្រោះថ្នាក់ណាស់ រយៈពេល ៨ខែ ឆ្នាំ២០១៨ សមត្ថកិច្ចរកឃើញ និង ដកហូតគ្រឿងញៀន នៅទូទាំងប្រទេស បានចំនួនជិត ៥០០គីឡូក្រាម

ភ្នំពេញ ៖ គ្រាន់តែក្នុងរយៈពេល ៨ខែ ឆ្នាំ ២០១៨ (មករា ដល់ សីហា) សមត្ថកិច្ចនៅទូទាំងប្រទេស បានបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀន បានចំនួន៥១៤៥ករណី ដោយឃាត់ខ្លួនមនុស្ស ១០ ១៩៩នាក់ នាក់ (ស្រី៨៣១នាក់) ក្នុងនោះ ជនបរទេស២១៣នាក់ (ស្រី៤៦នាក់) មាន១៥សញ្ជាតិ ។
តាមរបាយការណ៍បានបញ្ជាក់ថា សមត្ថកិច្ច បានបង្រ្កាបករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងនិង ដាំដុះ បានចំនួន ៣៣០៤ករណី និង ឃាត់ខ្លួន ៥៩៦៥នាក់ (ស្រី៦០១នាក់) ។ សម្រាប់ករណីប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ច បានបង្រ្កាបចំនួន ១៨៤១ករណី និង ឃាត់ខ្លួនបានចំនួន ៤២៣៤នាក់ (ស្រី ២៣០នាក់) ។


ក្រៅពីនេះ សមត្ថកិច្ច ក៏បានចុះអនុវត្ដដីកា ចំនួន១៦០ដីកា ដោយឃាត់ខ្លួនជនល្មើស បានចំនួន ១៥៥នាក់ (ស្រី៦នាក់) ។ តាមរបាយការណ៍ដដែល ក៏បានបញ្ជាក់ផងដែរថា សមត្ថកិច្ច បានដកហូតសារធាតុញៀនគ្រប់ប្រភេទ បានជាង ៤៨៧កីឡូក្រាម និង ១០៤៥កញ្ចប់ ព្រមទាំងបានដកហូត កញ្ឆាក្រៀម ចំនួនជាង៣៨គីឡូក្រាម និង១៣២,១៧៥ដើម ។ ជាមួយគ្នានេះផងដែរ សមត្ថកិច្ច ក៏បានដកហូត សម្ភារៈ រួមមាន រថយន្ដ៥៩គ្រឿង ម៉ូតូ ១២៥៨គ្រឿង ទូរស័ព្ទ ៣៣២២គ្រឿង ជញ្ជីងថ្លឹង ១៣៥គ្រឿង អាវុធខ្លី១៧ដើម អាវុធវែង១២ដើម ។ ទន្ទឹមនេះ ចលន និង អចលនទ្រព្យ ចំនួន៥កន្លែង មានដីចំកា១កន្លែង ដីឡូត៍២កន្លែង និងផ្ទះល្វែង២កន្លែង ក៏ត្រូវបានស្នើសុំបង្កកផងដែរ ។


ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ កាលពីសប្តាហ៍មុន សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាដល់កម្លាំងសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបានបង្កើនការយកចិត្តទុកដាក់ និង បង្ក្រាបនូវករណីគ្រឿងញៀននេះ ដើម្បីកុំឲ្យបន្ដការរីករាលដល់បន្ថែមទៀត ខណៈដែលមេក្លោងគ្រឿងញៀន ដែលនាំចូលពីប្រទេសជិតខាងមក កម្ពុជា ត្រូវបង្ក្រាប និងចាប់ខ្លួនបានជាបន្ដបន្ទាប់។


សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កន្លងទៅសម្ដេចបានបញ្ជាទៅអភិបាលរាជ-ខេត្ត ជាពិសេសរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ដសៀមរាប យកចិត្តទុកដាក់ដោះស្រាយ ឬបង្ក្រាបការចែកចាយគ្រឿងញៀននៅតាមរង្គសាល និងក្លឹបកំសាន្ដផ្សេងៗជាដើម។ សម្ដេច បានសង្កត់ធ្ងន់ថា សមត្ថកិច្ចបង្ក្រាបតែករណីចែកចាយគ្រឿង មិនមែនបង្ក្រាបកន្លែងកំសាន្ដទេ ប៉ុន្ដែបើម្ចាស់ទីតាំងអនុញ្ញាតឲ្យក្រុមជនសង្ស័យ ចែកចាយ ឬ ប្រើប្រាស់គ្រឿងញៀននោះ ម្ចាស់ទីតាំងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ដូច្នេះ បញ្ហានេះមិនអាចបណ្ដែតបណ្ដោយបាននោះទេ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបង្ក្រាបឲ្យខាងតែបាន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com