Connect with us

ដំណឹងល្អសម្រាប់ពលរដ្ឋនៅខេត្តកោះកុង ដោយសារក្រុមហ៊ុនចិនមួយ នឹងបោះទុនវិនិយោគ ១២០០លានដុល្លា ដើម្បីសាងសង់តំបន់ទេសចរណ៍នៅទីនោះ

កោះកុង ៖ ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា (UNION Development Group Co., Ltd. Cambodia) គ្រោងនឹងបោះទុនវិនិយោគទឹកប្រាក់ ១២០០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់ «ក្រុងវិស្សមកាលទេសចរណ៍» នៅក្នុងដើមឆ្នាំ២០១៩ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។


គម្រោងនេះ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លី តាវ (Li Tao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា ដែលបានកំពុងធ្វើការអភិវឌ្ឍគម្រោងតារាសាគរ (តំបន់ពិសោធន៍អភិវឌ្ឍន៍វិនិយោគចម្រុះកម្ពុជា-ចិន) ក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ នៃខេត្តកោះកុង។


លោក លី តាវ អះអាងថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» នឹងសាងសង់លើផ្ទៃដីសរុបចំនួន ១២០០ហិតា ដែលប្រមូលផ្តុំដោយហេដ្ឋារចនាសម្ព័ន្ធចម្រុះ ដូចជា សណ្ឋាគារលំដាប់ផ្កាយ ៥, ខុនដូទំនើប, បឹងកាឡូ, ការិយាល័យធ្វើការ, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកម្សាន្តខ្នាតអន្តរជាតិ។
លោក សង្ឃឹមថា គម្រោងនេះ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុននឹងខិតខំស្វែងរកដៃគូវិនិយោគចូលរួមជាមួយគម្រោងនេះ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី១៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។


ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ការដាក់ទុនវិនិយោគយ៉ាងច្រើនរបស់ក្រុមហ៊ុននៅក្នុងខេត្តកោះកុង បានកំពុងជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច ទេសចរណ៍កម្ពុជា និងបង្កើតការងារជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង។ ឯកឧត្តម បានប្រកាសគាំទ្រ និង បង្ហាញជំនឿថា គម្រោង «ក្រុងវិស្សមកាលទេសចរណ៍» នឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ព្រមទាំងលើកស្ទួយកិត្តិនាមរបស់កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើនថែមទៀត នាពេលអនាគត ។


គួរបញ្ជាក់ថា ក្រុមហ៊ុន យូញៀន ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ខេមបូឌា បានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍគម្រោងតារាសាគរ លើផ្ទៃដីសរុបទំហំ ៣៦០០០ហិចតា ។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងសម្រុកអនុវត្តន៍គម្រោងទៅតាមផែនការ ដោយបានបណ្តាក់ទុនវិនិយោគចំនួនជាង ១៥០០លានដុល្លារលើការសាងសង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន រួមមាន៖ ប្រព័ន្ធគមនាគមន៍, ក្លឹបវាយកូនហ្គោល, ព្រលានយន្តហោះ, កំពង់ផែទឹកជ្រៅអន្តរជាតិ, សួនលម្អ, បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ជាដើម៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com