Connect with us

កូនក្រោម ២ ឆ្នាំ កុំទាន់បង្រៀនចំណេះដឹង តែជាពេលបង្រៀនចំណេះធ្វើ

បើតាមការលើកឡើងរបស់ អ្នកគ្រូ លឹម មួយហ្គិច ជំនួយការគ្រូបរទេសនៅសាលាឯកជនក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា កុមារវ័យក្រោម ២ ឆ្នាំ មិនទាន់ជាវ័យ ត្រូវបង្រៀនចំណេះដឹងផ្សេងៗឡើយ តែត្រូវបង្រៀនចំណេះធ្វើជាមុន។

ចំណេះធ្វើនោះ គឺសំដៅទៅលើការរៀបចំរបៀបរបបរស់នៅប្រចាំថ្ងៃ ដូចជានោមជុះ មិនមែនរៀនរាប់លេខ ឬអក្សរឡើយ ហើយរឹតតែមិនមែនជាពេលបង្រៀនភាសាបរទេសទៀត ព្រោះខួរក្បាល នៅមិនទាន់ចាប់បាន គ្រប់ជ្រុងជ្រោយ ហើយអ្វីដែលគួរបង្រៀនមានដូចជា៖

១- បង្រៀនឱ្យបន្ទោបង់ ដោយមិនបាច់មានខោទឹកនោម

កូននៅវ័យត្រឹមនេះ គួរតែបង្រៀនឱ្យចេះប្រាប់ថា ចង់ជុះ ឬនោម ដោយមិនចាំដាក់ខោទឹកនោម។ ការបង្រៀនទម្លាប់បែបនេះ នឹងជួយឱ្យកូនចេះដឹងទុក្ខធុរៈដោយផ្ទាល់ខ្លួនដ៏ចាំបាច់មួយនេះ ហើយវាក៏មិនមែនជារឿងងាយស្រួលទេ ពោលគឺប្រើរយៈពេលយូរណាស់។ អ្វីដែលម៉ាក់ប៉ាត្រូវបង្រៀន គឺប្រាប់ឱ្យកូនពេលឈឺនោម ឬជុះ ត្រូវប្រាប់យើងជាមុនសិន ឬបង្រៀនពីសញ្ញាណាដែលបង្ហាញថាឈឺនោម/ជុះ។ នៅក្នុងវ័យប៉ុណ្ណេះ ជំហានដំបូងកូនទាល់តែបន្ទោបង់រួចទើបកូនប្រាប់ ហើយពេលយើងនៅបន្តប្រាប់ឱ្យគេប្រាប់យើង យូរទៅកូនអាចនឹងបន្ទោបង់បណ្ដើរប្រាប់បណ្ដើរ។ កន្លងផុតមួយរយៈមកទៀត ទើបគេដឹងថា ត្រូវប្រាប់មុនជុះ។

ចំណែកកន្លែងជុះ ក៏មិនងាយស្រួលដែរ ត្រូវទម្លាប់ឱ្យកូនតាំងពីអាយុយ៉ាងហោចណាស់ ៥-៦ ខែត្រូវចេះអង្គុយជុះនៅកន្ថោរ រហូតដល់អាយុ ១ ឆ្នាំប្រាប់ឱ្យទៅបង្គន់វិញ និងរឿងសំខាន់មួយទៀត គឺកំណត់ម៉ោងពេលឱ្យទម្លាប់រហូតដល់ធំ។ ដោយឱ្យកូនចូលបង្គន់ពេលព្រឹក ព្រោះជាពេលមុនចេញទៅធ្វើការ សាលារៀន និងទៅរៀនជាដើម។

២- បង្រៀនឱ្យដឹងពីកន្លែងទុកដាក់របស់របរ

ចង់ឱ្យក្មេងមានរបៀប គឺត្រូវប្រើ និងបង្រៀនឱ្យគេចេះទុកដាក់របស់របរដោយខ្លួនឯងពេលលេងរួច។ វាមិនមែនជារឿងពិបាកធ្វើ ឬគិត ហើយពេលណាគេចង់លេងអ្វី គ្រាន់តែប្រាប់ថាពេលលេងរួច ត្រូវយកទៅទុកកន្លែងដើមវិញផង កូននឹងចាប់ផ្ដើមអនុវត្ត។ វ័យប៉ុណ្ណេះកូនមិនទាន់និយាយបានច្បាស់ទេ តែគេអាចយល់ពីអ្វីដែលយើងនិយាយ ហើយបើកូននៅមិនទាន់ចេះយកទុកដាក់ត្រូវកន្លែង យើងគួរដឹកដៃកូនយកទៅតាមរបស់របរនីមួយៗ។ ម្យ៉ាងទៀត ត្រូវបង្រៀនគេ ឱ្យចេះស្គាល់ពីធុងសំរាម ដូចនេះពេលមានរបស់មិនល្អ គ្រាន់តែប្រាប់ថា យកទៅចោលក្នុងធុងសំរាម កូននឹងរកកន្លែងឃើញមិនពង្រាយឡើយ។

៣- បង្រៀនឱ្យស្គាល់ពីរបស់គ្រោះថ្នាក់

នៅតាមផ្ទះនីមួយៗប្រាកដជាមានព្រីភ្លើង ឬឆ្នាំងដាំបាយអគ្គិសនី ដូចនេះពេលកូនឃើញ ហើយចង់ប៉ះយើងត្រូវប្រាប់មិនឱ្យប៉ះ។ តែសារជាតិក្មេងពិបាកណាស់ កាន់តែហាម កាន់តែចង់ប៉ះ អ៊ីចឹងយើង ត្រូវតាមសង្កេតមើលរហូត ហើយបើគេ នៅតែហ៊ានធ្វើអាចដាក់ពិន័យ រហូតដល់កូនលែងហ៊ាន និងធ្វើជាកាយវិការគួរឱ្យខ្លាចនានា ដើម្បីឱ្យគេដឹងថា មានគ្រោះថ្នាក់។ ក្រៅពីនោះ គួរបង្ហាញកូនពីកន្លែងគ្រោះថ្នាក់ដទៃដែលមិនគួរទៅលេង។

៤- លាងសម្អាតដៃពេលប្រឡាក់

ប្រសិនបើឃើញកូនលេងរបស់កខ្វក់យើងត្រូវប្រាប់ពេលឈប់លេងត្រូវនាំទៅលាងដៃ ហើយធ្វើកាយវិការដុសសម្អាតគ្រប់កន្លែង ឱ្យកូនឃើញ។ រឿងនេះត្រូវចំណាយពេលច្រើនបន្តិច ទម្រាំតែគេអាចស៊ាំ ហើយអាចអនុវត្តខ្លួនឯងបានយូរគួរសម ម្យ៉ាងដើម្បីកូនកាន់តែឆាប់ចងចាំ យើងត្រូវធ្វើជាគំរូគ្រប់ពេល ហើយពេលលាងសម្អាតដៃ គួរហៅកូនឱ្យទៅមើល៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com