Connect with us

អ្នកជំនាញផ្នែកទេសចរណ៍ មានសុទិដ្ឋិនិយមចំពោះការប្រែក្លាយវត្តអារាម ទៅជាតំបន់ទេសចរណ៍ ដោយរំពឹងថា នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត

ភ្នំពេញ ៖ វិស័យឯកជនបំរើការផ្នែកទេសចរណ៍ បានបង្ហាញពីការគាំទ្រចំពោះគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដែលនឹងរៀបចំទីវត្តអារាម ដែលមានភាពលេចធ្លោរជាងគេ ពិសេសនៅ តាមតំបន់គោលដៅទេសចរណ៍សំខាន់ៗ ឱ្យក្លាយទៅជាវត្តទេសចរណ៍ ដ៏ទាក់ទាញ ដើម្បីចូលរួមលើកកម្ពស់សក្តានុពលទេសចរណ៍ឱ្យកាន់តែខ្លាំងឡើងថែមទៀត ពិសេសដើម្បីពង្រីកកិច្ចអភិរក្ស និងការអភិវឌ្ឍ ។


លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និង ជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍វើលអ៊ិចប្រេស បានលើកឡើងថា ការរៀបចំឲ្យមាន «វត្តទេសចរណ៍» នឹងជួយបង្កើនការទាក់ទាញភ្ញៀវទេសចរ ឱ្យស្នាក់នៅបានក្នុងរយៈពេលយូរ ចំណាយប្រាក់ច្រើននៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត ការបង្កើតនេះ នឹងផ្តល់ឲភ្ញៀវទេសចរណ៍ មានជំរើសច្រើនក្នុងការទស្សនា និង ម្យ៉ាងទៀត ក៏នឹងផ្ដល់នូវប្រភពចំណូល និង ការជួយដល់វត្តអារាមទាំងនោះ។


ក្រៅពីនេះ លោក ហូ វណ្ឌី ក៏បានលើកឡើងផងដែរថា ការបង្កើតនេះ នឹងជួយផ្ដល់ការអប់រំ និង ការយល់ដឹងដល់ភ្ញៀវទេសចរ ពិសេសទេសចរអន្តរជាតិ ក្នុងការសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ ។ សូមជម្រាបថា តាមការគ្រោងទុក ក្រសួងទេសចរណ៍ និងក្រសួងធម្មការ និងសាសនា នឹងចេញសេចក្ដីប្រ កាសអន្តរក្រសួងមួយ មុនអនុវត្តការងារទាំងនេះជាផ្លូវការនៅចុងឆ្នាំ២០១៨ ឬអាចនៅដើមឆ្នាំ២០១៩។


គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបាន ភ្ញៀវអន្តរជាតិប្រមាណ ៦,២លាននាក់ និង នៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ខណៈដែលឆ្នាំ២០៣០ នឹងអាចទទួលបានទេសចរ អន្តរជាតិប្រមាណ ១៥លាននាក់ និងទេសចរជាតិ ប្រមាណ១៣លាននាក់៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com