Connect with us

ពលរដ្ឋ​បារម្ភ​រឿង​លុប​ការ​កក់​បន្ទប់​ ​ខណៈ​រដ្ឋមន្ត្រី​ទេសចរណ៍​ ​ប្រាប់​កុំឱ្យ​ឡើងថ្លៃ​នៅ​បុណ្យ​សមុទ្រ​

ធ្លាប់ជួបរឿងបែបនេះអត់?

​កំពត​៖​ ​ពិធីបុណ្យ​សមុទ្រ​ ​នឹង​ឈាន​ចូល​មកដល់​ ​នៅ​ថ្ងៃទី២០​ ​ដល់​ ​២២​ ​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​នៅ​ខេត្តកំពត​ ​ស្រប​ពេល​ការរៀបចំ​កិច្ចការ​ងារ​នានា​ ​សម្រេច​បាន​ប្រមាណ​ ​៨០​%​ ​ហើយ​ទន្ទឹម​នេះ​ ​ប្រជាពលរដ្ឋ​ ​ក៏​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ឡើងថ្លៃ​បន្ទប់​ស្នាក់នៅ​ ​ក៏ដូចជា​ការលុបចោល​ការ​កក់​បន្ទប់​ ​នៅពេល​ប្រជាពលរដ្ឋ​ទៅដល់​ជាក់ស្ដែង​នៅនឹង​កន្លែង​។​



​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​កាលពី​ថ្ងៃទី១៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​នៅ​សាលាខេត្ត​កំពត​ ​ថា​ ​រហូត​មកទល់​ពេលនេះ​ ​ដំណើរការ​រៀបចំ​សម្រេច​បាន​ជាង​ ​៨០​%​ ​ហើយ​ ​ក្នុង​នោះ​ ​មាន​ដូចជា​ ​កិច្ចការ​តុបតែង​លម្អ​ ​តាម​ទី​សាធារណៈ​ ​សួនច្បារ​ ​ការ​ជួស​ជុ​សហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់​ ​ការ​បំពាក់​និង​បន្ថែម​ភ្លើងបំភ្លឺ​ក្នុង​ទីក្រុង​ ​ការរៀបចំ​វិថី​អាហារ​(​Food​ ​Street​)​ ​ការរៀបចំ​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ខេត្ត​ ​ពិសេស​តាម​ព្រែក​ទឹកឈូ​ ​ឬ​ព្រែក​កំពង់បាយ​ ​ភ្នំបូកគោ​ ​ស្រែអំបិល​ ​តំបន់​កសិ​ទេសចរណ៍​ចម្ការ​ម្រេច​ ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ​សហគមន៍​ទេសចរណ៍​មួយចំនួន​ ​ព្រមទាំង​គោលដៅ​ទេសចរណ៍​នៅ​ខេត្ត​កែប​ផង​ដែរ​។​



​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ ​បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ភោជនីយដ្ឋាន​ ​អាហារដ្ឋាន​ទាំងអស់​ក្នុង​ខេត្តកំពត​ ​សូមកុំ​មានការ​ដំឡើងថ្លៃ​សេវា​ ​និង​ទំនិញ​របស់​ខ្លួន​ថ្លៃ​ហួសហេតុ​ពេក​ ​ពិសេស​ត្រូវ​បើក​ឱ្យ​មានការ​ទទួលការ​កក់​កន្លែង​ស្នាក់នៅ​ឡើងវិញ​ ​ដើម្បី​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​ ​ក្រុម​មន្ត្រី​ដែល​ចូលរួម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​ក្រុម​សិល្បករ​ ​កីឡាករ​ជាដើម​។​ ​លោក​បាន​ជំរុញ​ដល់​អភិបាលខេត្ត​កំពត​ ​លោក​ ​ជាវ​ ​តាយ​ ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​ ​លោក​ ​សយ​ ​ស៊ី​ណុល​ ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​បន្ត​ដល់​ម្ចាស់​សេវា​ស្នាក់នៅ​ទាំងអស់​ ​ក្នុង​ខេត្ត​ ​ឱ្យ​ទទួលការ​កក់​បន្ទប់​ស្នាក់នៅ​ពី​ភ្ញៀវ​ឡើងវិញ​ ​ពិសេស​មិន​ត្រូវ​ដំឡើងថ្លៃ​ហួសហេតុ​ពេក​ឡើយ​។​



​លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​ថា​ ​នៅពេល​មាន​ពិធី​បុ​ណ្យ​ម្ដង​ៗ​ ​ម្ចាស់​សេវា​ស្នាក់នៅ​ ​សណ្ឋាគារ​ ​ផ្ទះសំណាក់​នានា​ ​គួរតែ​សប្បាយចិត្ត​ក្នុង​ការ​ទទួលការ​កក់​បន្ទប់​ស្នាក់នៅ​របស់​ភ្ញៀវ​ ​មិនមែន​មិន​ទទួលការ​កក់​បន្ទប់​ស្នាក់នៅ​ដូច្នេះ​ទេ​។​ ​ម្យ៉ាងទៀត​ ​ម្ចាស់​សណ្ឋាគារ​លើ​ភ្នំបូកគោ​ ​គួរ​ពិចារណា​ក្នុង​ការ​បញ្ចុះតម្លៃ​ខ្លះ​ ​ដើម្បី​ទាក់ទាញ​ទេសចរ​ទៅ​ទីនោះ​ឱ្យ​បាន​ច្រើន​។​

​ជាមួយគ្នា​នេះ​ដែរ​ ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ពី​បញ្ហា​ខ្វះខាត​បន្ទប់​ស្នាក់នៅ​ ​សម្រាប់​ពិធីបុណ្យ​សមុទ្រ​ ​និង​ព្រួយបារម្ភ​ថា​ ​នៅពេល​កក់​បន្ទប់​ស្នាក់នៅ​រួច​ ​ខ្លាច​តែ​ជាក់ស្ដែង​ទៅដល់​ ​គេ​ថា​អត់​បាន​កក់​ទេ​។​

​លោក​ ​ថោ​ ​ខុន​ ​រដ្ឋមន្ត្រី​ទេសចរណ៍​ ​បាន​បង្ហាញ​ការ​រំពឹង​ថា​ ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ​ជុំ​ទី២​ ​នៅ​ខេត្តកំពត​ ​នឹង​មាន​ភ្ញៀវ​ទេសចរ​ ​និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​លេងកម្សាន្ត​ច្រើន​កុះករ​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម