Connect with us

អ្នកកាសែតហុងកុងថា មានបាតុកម្មនៅជិតសណ្ឋាគារដែលក្រុមកម្ពុជាស្នាក់នៅ ខណៈ Felix បានបង្ហើបពីស្ថានភាពកូនក្រុម

សូមជូនពរឱ្យក្រុមកម្ពុជាមានសុវត្ថិភាព

ហុងកុង៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុមបាល់ទាត់ហុងកុង នៅកីឡដ្ឋានហុងកុង សម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ៧ល្ងាច (ម៉ោងនៅកម្ពុជា)។ មុនការប្រកួត លោក Felix Dalmas គ្រូបង្គោលក្រុមកម្ពុជា បានលើកឡើងពីស្ថានភាពកូនក្រុម ក្រោយពីការទៅដល់ទីក្រុងហុងកុង។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Felix ត្រូវបានអ្នកសារព័ត៌មានហុងកុងសួរទាក់ទងនឹងចំណាប់អារម្មណ៍របស់លោក ជុំវិញបញ្ហាបាតុកម្មនៅក្នុងសង្គមហុងកុង នាពេលបច្ចុប្បន្ន ហើយមានបាតុកម្មនៅជិតសណ្ឋាគារដែលក្រុមកម្ពុជាស្នាក់នៅ ថាតើអាចប៉ះពាល់ដល់ការត្រៀមខ្លួនរបស់កម្ពុជា ដែរឬទេ។ ជាការឆ្លើយតប លោក Felix បាននិយាយថា៖ “ពួកយើងមិនបានជួបប្រទះនូវរឿងអ្វីនោះទេ។ ជាការពិតណាស់ នៅពេលពួកយើងចេញទៅក្រៅប្រទេសម្ដងៗ ពួកយើងផ្ដោតលើអ្វីដែលពួកយើងត្រូវធ្វើ… ខ្ញុំបានដឹងថា អ្វីកំពុងកើតឡើង… បាល់ទាត់ មិនគួរលាយឡំនឹងនយោបាយទេ។ ពួកយើង នឹងផ្ដោតលើការប្រកួតរបស់ពួកយើង។ ខ្ញុំពិតជាមានការសោកស្ដាយសម្រាប់ទីក្រុងហុងកុង ហើយសង្ឃឹមថា ហុងកុងនឹងស្វែងរកដំណោះស្រាយដោយសន្តិវិធី”។

លោក Felix បានឱ្យដឹងផងដែរថា ក្រុមគោព្រៃកម្ពុជា បានត្រៀមខ្លួនបានយ៉ាងល្អ និងរួចរាល់ សម្រាប់ការប្រកួត។ លោកថា ស្មារតីរបស់ក្រុមគឺល្អ មានឆន្ទៈមោះមុត ចំពោះការប្រកួតជាមួយហុងកុង ដើម្បីដណ្ដើមយក ៣ពិន្ទុ។

ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតនេះ ពីទីក្រុងហុងកុង ជូនបងប្អូនទស្សនា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៨:៣០ល្ងាចតទៅ (ម៉ោងនៅកម្ពុជា) និងមានការ Live តាម Facebook Page: CBS Sport ថែមទៀតផង៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម