Connect with us

ជប៉ុនផ្ដល់ជំនួយឥតសំណងជិត២០ម៉ឺនដុល្លារ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកបរិស្ថានដល់ក្មេងជំនាន់ក្រោយនៅកម្ពុជា

អរគុណរដ្ឋាភិបាលជប៉ុន ដែលគិតគូរពីបញ្ហាបរិស្ថាននៅកម្ពុជា!

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាសរុបចំនួន ១៩១ ៧៤៤ ដុល្លារអាមេរិក ដល់អង្គការ Nature Center Risen ក្រោមគ្រោងការណ៍ជំនួយឥតសំណង ដើម្បីយកមកជួយបញ្ជ្រាបចំណេះដឹង ដល់អ្នកជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជា ឱ្យពួកគាត់កាន់តែយល់ច្បាស់ពីបញ្ហាបរិស្ថាន។

ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកូ នាយិកាអង្គការ Nature Centure Risen សម្រាប់ “គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថាន តាមបែបអនុវត្ត ជាដើមនៅវិទ្យាស្ថានគរុកោសល្យ (TEC)(ឆ្នាំទី៣)”។

ក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងបង្កើតប្រព័ន្ធបណ្ដុះបណ្ដាលអំពីបរិស្ថានអប់រំជាបន្តបន្ទាប់ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយៈការកែសម្រួលសៀវភៅណែនាំសម្រាប់គ្រូ បោះពុម្ពសៀវភៅអប់រំបរិស្ថាន និងផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យ។ វានឹងជួយឱ្យប្រជាជនកម្ពុជា កាន់តែយល់ដឹងពីបញ្ហាបរិស្ថាន។

សូមជម្រាបថា កម្មវិធីជំនួយឥតសំនងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់ពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ៣៧ម៉ឺនដុល្លារអាមេរិក ដល់គម្រោងចំនួន១២១ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម