Connect with us

លោក ស៊ី ជិនពីង៖ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាមិត្តចាស់នៃប្រជាជនចិន បានលះបង់ព្រះកាយពលយ៉ាងធំធេង

លោក ស៊ី ជិនពីង៖ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជាមិត្តចាស់នៃប្រជាជនចិន បានលះបង់ព្រះកាយពលយ៉ាងធំធេង

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញសាររំលែកទុក្ខរបស់លោក ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះដំណឹងនៃការយាងសោយព្រះពិរាល័យ នៃសម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។

លោក ស៊ី ជីនភីង ប្រធានាធិបតីចិន បានថែ្លងក្នុងសារលិខិតរំលែកទុក្ខថា៖ ” ខ្ញុំមានអារម្មណ៍ក្តុកក្តួលក្រៃលែង ដោយទទួលដំណឹងថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យ។ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ជាមិត្តចាស់នៃប្រជាជនចិន បានលះបង់ព្រះកាយពលយ៉ាងធំធេងនិងសកម្ម ដើម្បីកិច្ចទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។ ខ្ញុំសូមចូលរួមរំលែកព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងសោយព្រះពិរាល័យរបស់សម្តេចព្រះរៀម ព្រមទាំងសូមសួរព្រះរាជសុខទុក្ខ ថ្វាយចំពោះព្រះអង្គ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រមជាមួយនិងព្រះរាជវង្សានុវង្សខ្មែរ”។

សារលិខិតនេះត្រូវបានថ្វាយ ក្នុងព្រះសវនាការរបស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៩។ លោក វ៉ាង វិនធាន ក៏បានអញ្ជើញចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀមផងដែរ។

សម្ដេច រាជបុត្រី ព្រះរៀម បុប្ផាទេវី បានយោងសោយព្រះពិរាល័យ នាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ៕

ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម