Connect with us

ថៅកែ AirAsia បង្ហើបគម្រោងបើកសម្ពោធក្រុមហ៊ុន នៅប្រទេសកម្ពុជា

កូឡាឡាំពួរ៖ មហាសេដ្ឋីវិស័យអាកាសចរណ៍ លោក ថូនី ហ្វឺណាន់ដេស (Tony Fernandes) កំពុងមានគម្រោងបើកសម្ពោធក្រុមហ៊ុនថ្មី ដែលស្ថិតក្រោមក្រុមហ៊ុន AirAsia Group នៅក្នុងប្រទេសកម្ពុជា បន្ទាប់មក បើកសម្ពោធនៅក្នុងប្រទេសចិន និង មីយ៉ាន់ម៉ា។

ថ្លែងប្រាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Nikkei Asian Review កាលពីពេលថ្មីៗនេះ លោក ហ្វឺណាន់ដេស នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន AirAsia បានបង្ហើបថា៖ “ខ្ញុំចូលចិត្តប្រទេសកម្ពុជា ចិន និងមីយ៉ាន់ម៉ា” ដោយលោកបន្ថែមថា បច្ចុប្បន្នលោកកំពុងពិនិត្យលើលទ្ធភាពក្នុងការស្វែងរកដៃគូមួយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីគម្រោងបើកសម្ពោធក្រុមហ៊ុន AirAsia នៅក្នុងប្រទេសវៀតណាម ត្រូវបានបរាជ័យ កាលពីដើមឆ្នាំ២០១៩នេះ លោក ហ្វឺណាន់ដេស បានបញ្ជាក់ថា គាត់បានផ្លាស់ប្ដូរគំនិតក្នុងការបើកនៅប្រទេសផ្សេងវិញដែលស្ថិតក្នុងតំបន់មួយនេះ។ “ខ្ញុំមិនមានគម្រោងសម្រាប់វៀតណាមទៀតឡើយនៅពេលនេះ បន្ទាប់ពីព្យាយាមអស់៣ដងរួចមកហើយ ពួកយើងមិនអាចស្វែងរកដៃគូដ៏សាកសមបានទេ ហើយពេលនេះ ខ្ញុំគិតថា មានក្រុមហ៊ុនអាកាសចរណ៍ច្រើនហើយនៅទីនោះ…ពេលវេលារបស់ពួកយើង គង់តែមកដល់ទេ”។ បុរសវ័យ ៥៥ឆ្នាំរូបនេះបន្ថែម។

ច្បាប់នៅក្នុងប្រទេសកម្ពុជា នឹងបង្កភាពងាយស្រួលសម្រាប់ជនបរទេស វិនិយោគក្នុងវិស័យអាកាសចរណ៍ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ថ្មី តម្រូវឱ្យមានទឹកប្រាក់ចំនួន ៣០លានដុល្លារអាមេរិក តម្កល់នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំដំបូង រាប់បញ្ចូលទាំងយន្តហោះផងដែរ។ កម្ពុជា កំពុងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសទេសចរជនជាតិចិន ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ដែលគាំទ្រដោយចិន បើកជាបន្តបន្ទាប់ ដែលគិតមកទល់ពេលនេះ មានចំនួន ៦ក្រុមហ៊ុន។

ក្រៅពីរាជធានីភ្នំពេញ ខេត្តសៀមរាប មានព្រលានយន្តហោះអន្តរជាតិ ដែលមានភាពមមាញឹកខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ កាលពីឆ្នាំ២០១៨ ព្រលានយន្តហោះអន្តរជាតិសៀមរាប ទទួលអ្នកដំណើរចំនួន ៤,៥លាននាក់ ដោយសារតែការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិ នៅក្នុងរមណីយដ្ឋានអង្គរ។

AirAsia សព្វថ្ងៃ មានសាខានៅប្រទេសដូចជា ឥណ្ឌូណេស៊ី និង ថៃ ហើយគ្រោងបើកសាខាទីមួយរបស់ខ្លួន នៅក្នុងប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ។ ភាគហ៊ុនរបស់ក្រុមហ៊ុន មាន ១,៨២ Ringgit (០,៤៤ដុល្លារ) គិតត្រឹមថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ថយចុះពី ៣,២៩ Ringgit (០,៧៩ដុល្លារ) ដែលជាតួលេខខ្ពស់ ក្នុងខែកុម្ភៈ ធ្វើឱ្យក្រុមហ៊ុននេះ មានតម្លៃទីផ្សារចំនួន ៦,០៨ពាន់លាន Ringgit (១,៤៦ពាន់លានដុល្លារអាមេរិក)។

លោក ហ្វឺណាន់ដេស បានឱ្យដឹងថា៖ “វាងាយស្រួលក្នុងការស្វែងរកដៃគូដ៏គួរឱ្យទុកចិត្ត ប៉ុន្តែយើងត្រូវច្បាស់ក្នុងចិត្តថា ព្រលានយន្តហោះនោះ អាចទទួលយកបាននូវកំណើនរបស់ពួកយើង ហើយថាតើ ពួកយើងអាចរួមចំណែកក្នុងទីផ្សារបានកម្រិតណា។ វាមិនមែនរឿងចេញអាជ្ញាបណ្ណនោះទេ”។

ទន្ទឹមនឹងការបើកសម្ពោធក្រុមហ៊ុនថ្មី លោកក៏បានជំរុញផែនការក្នុងការធ្វើឱ្យក្រុមហ៊ុនរបស់លោក ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ តាមរយៈការវិនិយោគជាប្រចាំឆ្នាំក្នុងទឹកប្រាក់ ១០០លាន Ringgit ។ លោកចង់ឱ្យក្រុមហ៊ុននេះ ក្លាយជា ក្រុមហ៊នអាកាសចរណ៍ឌីជីថល នៅត្រឹមត្រីមាសទី១ នៃឆ្នាំ២០២០ ដោយកំពុងសម្រេចបានតាមផែនការ១ភាគ៣ ហើយ។

លោក ហ្វឺណាន់ដេស ក៏ចង់ប្រែក្លាយប្រព័ន្ធទិញសំបុត្រតាមអនឡាញរបស់ AirAsia ទៅជាទីផ្សារដើរកម្សាន្តមួយ ដែលអាចឱ្យក្រុមហ៊ុនរបស់លោក ទៅជា “Amazon of Travel” (Amazon ជាក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយនៅលើពិភពលោក)។ ជំហានទីមួយ គឺការអនុញ្ញាតឱ្យអ្នកដំណើរ អាចទិញសំបុត្រយន្តហោះរបស់ក្រុមហ៊ុនដៃគូប្រកួតប្រជែងផ្សេងៗ តាមរយៈវេបសាយ AirAsia.com ។ លោកសង្ឃឹមថា ប្រព័ន្ធថ្មី ដែលជួយជ្រោមជ្រែងដោយទីភ្នាក់ងារដើរកម្សាន្តអាមេរិក Kiwi.com នឹងមិនប៉ះពាល់ការលក់សំបុត្ររបស់ AirAsia ឡើយ។

“សូម្បីតែបច្ចុប្បន្ននេះ គ្មាននរណាគេចូលទៅវេបសាយ AirAsia.com ដើម្បីទិញសំបុត្រយន្តហោះទេ។ ពួកគេ ច្បាស់ជាធ្វើការប្រៀបធៀបតម្លៃសំបុត្រជាមួយវេបសាយមួយចំនួន អ៊ីចឹងហើយ បានជាខ្ញុំ ចង់ឱ្យពួកគេ មកធ្វើការប្រៀបធៀបក្នុងប្រព័ន្ធរបស់ពួកយើងតែម្ដង”។

ជំហានបន្ទាប់ គឺការកក់សំបុត្រសណ្ឋាគារ និងសកម្មភាពនានា ដែលអាចទៅរួចនៅលើប្រព័ន្ធតែមួយនេះ។ លោក ហ្វឺណាន់ដេស ក៏មានបំណងបង្កើតជាប្រព័ន្ធអនឡាញដែលងាយស្រួលសម្រាប់អ្នកកាន់សាសនាឥស្លាមដាច់ដោយឡែក ដើម្បីមុជជ្រៅទៅក្នុងទីផ្សារសាកល សម្រាប់ទេសចរណ៍ដែលត្រូវបានតវ៉ាពីហាឡាល់ និង Sharia ។ ប្រព័ន្ធឈ្មោះ Ikhlas ដែលជាភាសាម៉ាឡេស៊ី មានន័យថា ស្មោះត្រង់ នឹងបើកដំណើរការឆាប់ៗ និងដាក់បញ្ចូលកញ្ចប់ធួរ សណ្ឋាគារ និង ភោជនីយដ្ឋាន ហាឡាល់ នៅទូទាំងពិភពលោក។

លោកហ្វឺណាន់ដេស បានបន្ថែមថា ម្ចាស់ភាគហ៊ុនភាគតិចរបស់ AirAsia ប្រហែលមិនគាំទ្រទាំងស្រុងនូវក្ដីស្រមៃបែបឌីជីថលរបស់គាត់ទេ។ យ៉ាងណាក្ដី លោកជឿថា វឌ្ឍនភាពផ្នែកហិរញ្ញវត្ថុវែងឆ្ងាយរបស់ក្រុមហ៊ុន នឹងផ្លាសប្ដូរផ្នត់គំនិតរបស់ម្ចាស់ភាគហ៊ុនទាំងនោះ៕

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម