Connect with us

គណៈកម្មការស៊ីហ្គេមហ្វីលីពីន ថា មកពីប្រតិភូកីឡាច្រើនពេក ធ្វើឱ្យយឺតយ៉ាវបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា

គណៈកម្មការស៊ីហ្គេមហ្វីលីពីន ថា មកពីប្រតិភូកីឡាច្រើនពេក ធ្វើឱ្យយឺតយ៉ាវបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា

ហ្វីលីពីន៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៃប្រទេសហ្វីលីពីន បានចេញសេចក្ដីថ្លែងការណ៍មួយ ចំពោះហេតុការណ៍ដែលបានកើតឡើងលើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទីម័រខាងកើត និង មីយ៉ាន់ម៉ា អំឡុងដំណើរមកដល់ទីក្រុងម៉ានីល ដើម្បីចូលរួមព្រឹត្តិការណ៍។

យោងតាមការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្រុមបាល់ទាត់ទាំងបី គេសង្កេតឃើញ អ្នករៀបចំបដិសណ្ឋារកិច្ចសម្រាប់ក្រុមកម្ពុជា ហ្វីលីពីន និង មីយ៉ាន់ម៉ា ហាក់មិនបានត្រៀមលក្ខណៈទុកជាមុន ដើម្បីទទួលស្វាគមន៍ឱ្យបានល្អ។ ផ្ទុយទៅវិញ ក្រោយប្រតិកម្មទាំងនេះ គណៈកម្មការរៀងចំកីឡាស៊ីហ្គេមហ្វីលីពីន បានបកស្រាយបំភ្លឺដូចខាងក្រោម៖

ពាក់ព័ន្ធនឹងប្រតិភូនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពួកគេបានទៅដល់នៅម៉ោង ៤ព្រឹក ដោយសណ្ឋាគារ មិនទាន់មានបន្ទប់សម្រាប់ពួកគេនៅឡើយ ព្រោះសណ្ឋាគារ គោរពតាមស្ដង់ដា ដោយតម្រូវឱ្យ Check in នៅម៉ោង ២រសៀល។ អាស្រ័យដូច្នេះ គណៈកម្មការរៀបចំ បានតម្រូវឱ្យក្រុមកម្ពុជា សម្រាកនៅក្នុងបន្ទប់សន្និសីទសារព័ត៌មានបណ្ដោះអាសន្ន ដោយអាចសម្រាក និងសម្រួលឥរិយាបថយ៉ាងងាយស្រួល។

គណៈកម្មការរៀងចំកីឡាស៊ីហ្គេមហ្វីលីពីន ក៏បានពន្យល់ថា កាលពីថ្ងៃទី២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រតិភូកីឡាចំនួន ៧៥ប្រទេស បានមកដល់ប្រទេសហ្វីលីពីន ដែលធ្វើឱ្យគណៈកម្មការ មិនអាចផ្ដល់បដិសណ្ឋារកិច្ចឱ្យបានសមរម្យ និងគ្រប់ជ្រុងជ្រោយចំពោះភ្ញៀវទាំងឡាយ។

យ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួន បានបង្ហាញនូវការសង្ស័យចំពោះការរៀបចំនេះ ខណៈកម្ពុជា ទីម័រខាងកើត និង មីយ៉ាន់ម៉ា ស្ថិតនៅក្នុងពូលជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន សម្រាប់វិញ្ញាសាបាល់ទាតផ្នែកបុរស ស៊ីហ្គេម ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ចំពោះក្រុមកម្ពុជា ពួកគេនឹងត្រូវជួបហ្វីលីពីន នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងជំនួបបើកឆាក ចាប់ពីម៉ោង ១៩:០០ នាទីតទៅ៕

ប្រភព៖ PHISGOC

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម