Connect with us

សមាជិកសភាហ្វីលីពីន ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក រឿងអាស្រូវនៅស៊ីហ្គេម

ម៉ានីល៖ ប្រធានសំឡេងភាគតិចព្រឹទ្ធសភានៃប្រទេសហ្វីលីពីន លោក Franklin Drilon បានឆ្លើយតបនឹងការចោទប្រកាន់ពីតំណាងរាស្ត្ររបស់គណបក្ស 1PACMAN លោក Mikee Romero ដែលបានស្ដីបន្ទោសមកលើព្រឹទ្ធសភា ថា បានធ្វើឱ្យយឺតយ៉ាវនូវការបញ្ចេញថវិកាសម្រាប់ឆ្នាំ២០១៩ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅទីក្រុងម៉ានីល។

លោក Franklin Drilon បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា នេះថា៖ “នេះជាការប្រមាថថ្នាក់ដឹកនាំព្រឹទ្ធសភា” ដោយបន្ថែមថា លោកសូមច្រានចោលនូវការចោទប្រកាន់ដែលគ្មានមូលដ្ឋាននេះ។

លោកថា ការយឺតយ៉ាវនូវការបញ្ចេញថវិកាជាតិនេះ មកពីការកែកុនច្រើនលើក ដោយសភាតំណាងរាស្ត្រទៅវិញទេ។ គេត្រូវពន្យារជាច្រើនខែ ទម្រាំបញ្ជូនទៅកាន់លោកប្រធានាធិបតី Rodrigo Duterte ដើម្បីចុះហត្ថលេខាកាលពីខែមេសា។

ប្រតិកម្មរបស់ព្រឹទ្ធសភា គឺបន្ទាប់ពីតំណាងរាស្ត្រហ្វីលីពីន លោក Romero បានប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយថា លោក Drilon មានចំណែកក្នុងការធ្វើឱ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះប្រទេស ជុំវិញការរិះគន់ពីសំណាក់អ្នកគាំទ្រក្នុងតំបន់ នូវបដិណ្ឋារកិច្ចមិនល្អ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលថ្មីៗនេះ។ លោកបន្តថា បើព្រឹទ្ធសភាយល់ស្រប ថវិកានោះ ប្រហែលជាបានត្រៀមរួចរាល់តាំងពីខែមករា ឆ្នាំមុនមកម្ល៉េះ។

សូមជម្រាបថា ប្រតិភូកីឡានៃប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ និងទីម័រខាងកើត ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម បានរង់ចាំអស់ជាច្រើនម៉ោងនៅព្រលានយន្តហោះ សម្រាកនៅផ្ទាល់ដីក្នុងបន្ទប់បណ្ដោះអាសន្ននៅសណ្ឋាគារ និង លុបចោលការហ្វឹតហាត់ ដោយសារតែបញ្ហាដឹកជញ្ជូន។ យ៉ាងណាមិញ គណៈកម្មាធិការរៀបចំកីឡាស៊ីហ្គេមហ្វីលីពីន បានចេញសេចក្ដីថ្លែងការណ៍ដើម្បីសុំការអធ្យាស្រ័យពីសំណាក់ប្រតិភូកីឡានានា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា៕

  

ប្រភព៖ Rappler

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម