Connect with us

ពុទ្ធបរិស័ទ និងអាជ្ញាធរចេញថវិកាផ្ទាល់ខ្លួន ដើម្បីជួសជុលក្បាច់ចម្លាក់ និងគំនូរលើដំបូលព្រះវិហារចំណាស់មួយ នៅវត្តរាជបូណ៌

អរគុណសម្រាប់ការចូលរួម!

សៀមរាប៖ ដើម្បីឱ្យអ្នកជំនាន់ក្រោយ បានប្រើប្រាស់ និងសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសិល្បៈរបស់ខ្លួន អាជ្ញាធរជាតិអប្សរា បានបង្ហើបពីការជួសជុលព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក នៅក្នុងវត្តរាជបូណ៌ ដែលជាវត្តដ៏ចំណាស់មួយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។

នៅលើជញ្ជាំងព្រះវិហារ ផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើក ល្អវិចិត្រ គឺ គំនូរបុរាណរឿង “រាមកេរ្តិ៍” ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅចន្លោះឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរ មានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅ មានចម្លាក់លៀន យ៉ាងរស់រវើក នៅលើទ្វារ និងបង្អួច។

ព្រះវិហារចំណាស់នេះ ធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមដោយអន្លើ ដែលតម្រូវឱ្យមានការជួសជុលជាចាំបាច់ ដោយសារអាយុកាល និងអាកាសធាតុជាដើម។ ដើម្បីរួមចំណែករក្សាមរតកនេះ ឱ្យគង់វង្សតទៅទៀត អាជ្ញាធរជាតិអប្សរា បានសហការជាមួយអ្នកជំនាញអ៊ីតាលី ចាប់ផ្តើមជួសជុលផ្នែកសំខាន់ៗនៃព្រះវិហារនៅឆ្នាំ២០១៤។ សន្លឹកទ្វារ សន្លឹកបង្អួច គំនូរ និងបដិមាក្នុងវិហារជាដើម សុទ្ធតែបានជួសជុល និងសម្អាតតាមបច្ចេកទេសដោយអ្នកអភិរក្ស។ កិច្ចការទាំងអស់នេះ តែងមានព្រះទ័យយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសដ៏ពេញលេញអំពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌។

កិច្ចការអភិរក្សនាបច្ចុប្បន្នចំពោះព្រះវិហារ បានត្រូវជួសជុលជា ២ដំណាក់កាលបន្ថែមនាពេលថ្មីៗនេះ៖

-ដំណាក់កាលទី១៖ សិក្សាគម្រោងសម្រង់ប្លង់ចាស់ និងធ្វើដំបូលដែកគ្របលើវិហារ ដោយប្រើប្រាស់ថវិការបស់ពុទ្ធបរិស័ទ ក្រោមការផ្តួចផ្តើមពីព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ។

-ដំណាក់កាលទី២៖ ការជួសជុលដំបូលវិហារផ្តោតលើការជួសជុលគ្រឿងបង្គុំដំបូល ដើម្បីរក្សាលំនឹងរបស់ដំបូល សម្លាប់មេរោគ និងសត្វល្អិតស៊ីសាច់ឈើ ជួសជុលសម្អាតហោជាង ដែលមានចម្លាក់ក្បាច់ និងគ្រឿងលម្អដំបូលទាំងអស់ឡើងវិញរួចរាល់បាន១០០% ក្រោមការផ្តល់ថវិកា និងលក្ខណៈបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា៕

  

ប្រភព៖ អាជ្ញាធរជាតិអប្សរា

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម