Connect with us

កម្ពុជា ចាប់ផ្ដើមត្រៀមលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះ កុំឱ្យមានបញ្ហានៅស៊ីហ្គេមឆ្នាំ២០២៣

ឃើញហ្វីលីពីននៅឆ្នាំនេះ ស្រាប់ហើយ ត្រៀមមិនបានល្អសោះ!

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំលើកដំបូង ស្ដីពីការត្រួតពិនិត្យ គណៈកម្មការជំនាញចំនួន៦ ដើម្បីជំរុញផែនការសកម្មភាព និងកម្មវិធីការងារសម្រាប់ត្រៀមដាក់ឲ្យដំណើរការ នៅដើមឆ្នាំ២០២០ ខាងមុខ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍របស់ CAMSOC រួមទាំងមន្ដ្រីគណៈកម្មការ ជំនាញទាំង៦ ទី១. គណៈកម្មការកីឡា និងបទប្បញ្ញត្ដិ ទី២. គណៈកម្មការទីលានប្រកួត ទី៣. គណៈកម្ម រវប្បធម៌បរិស្ថាន និងអប់រំកីឡា ទី៤. គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ទី៥. គណៈកម្មការទីផ្សារ និងចលនាឧបត្ថម្ភ និងទី៦. គណៈកម្មការពិធីបើក-បិទ។

បន្ទាប់ពីចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី១ ដើម្បីត្រួតពិនិត្យគណៈជំនាញពិសេសចំនួន៦ ដែលជាគណៈកម្មការឈានមុខ សម្រាប់ធ្វើដំណើរទៅរៀបចំ ផែនការការងារ និងសកម្មភាពរបស់ខ្លួន ចាប់ពីដើមឆ្នាំ២០២០ ខណៈគណៈកម្មការទាំង៦ មានរចនាសម្ព័ន្ធ និងការតែងតាំងរួចរាល់ហើយ នៅឡើយតែការជំរុញបន្ថែម ដើម្បីបំផុសឱ្យមានការរៀបចំសកម្មភាព កម្មវិធីការងារ និងគម្រោងថវិកា សម្រាប់ដំណើរការអមគ្នាជាមួយ CAMSOC ប៉ុណ្ណោះ។

ទន្ទឹមជាមួយគ្នា រដ្ឋមន្ដ្រី ថោង ខុន ក៏បានជំរុញឱ្យគណៈកម្មការនីមួយៗ ត្រូវដំណើរការឱ្យបានដាច់ខាត នៅដើមឆ្នាំ២០២០ ដើម្បីបំផុសចលនាផ្សព្វផ្សាយស៊ីហ្គេមផង និងកំណត់ផែនការអភិវឌ្ឍន៍កីឡាផង ព្រោះក្រោយស៊ីហ្គេម ឆ្នាំ២០១៩ កម្ពុជានឹងកំណត់ដំណាក់កាលទី១ ពោលគឺកំណត់ប្រភេទកីឡាគោល សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយដាក់ចេញនូវវិធានការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា បូករួមការធ្វើផែនការអភិវឌ្ឍន៍ ដល់ឆ្នាំ២០២៣ ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕

ប្រភព៖ ក្រសួងទេសចរណ៍

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម