Connect with us

ក្រោយឈ្នះទីម័រ Felix ថា ចង់នាំកម្ពុជាឱ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ នៅស៊ីហ្គេម

ហ្វីលីពីន៖ លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមអាយុក្រោម២៣ឆ្នាំកម្ពុជា បានលើកឡើងថា ក្រុមកម្ពុជា មុនមកចូលរួមកីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន គឺរំពឹងថា នឹងអាចលេងបានចំនួន ៦ប្រកួត ដោយលោកសម្ដៅលើការឆ្លងផុតវគ្គសន្សំពិន្ទុ ៤ប្រកួត ចូលទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ១ប្រកួត និងបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ១ប្រកួត។

ការថ្លែងរបស់លោក Felix ដែលមានសញ្ជាតិអាហ្សង់ទីន បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ក្រោយក្រុមអាយុក្រោម២២ឆ្នាំកម្ពុជា បានយកឈ្នះក្រុមអាយុក្រោម២២ឆ្នាំទីម័រខាងកើត ដោយលទ្ធផល ៥-០ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Rizal Memorial ក្នុងទីក្រុងម៉ានីល។

លោក Felix បានបញ្ជាក់ថា មិនត្រូវគិតពីលទ្ធផលពេកនោះទេ ដោយចង់សម្ដៅលើទាត់បញ្ចូលទី៥គ្រាប់លើទីម័រខាងកើត។ នេះគឺជាការវិវឌ្ឍមួយទៀត ហើយកម្ពុជា ត្រូវត្រៀមខ្លួនឱ្យល្អ សម្រាប់ការប្រកួតបន្ទាប់ ទល់នឹងក្រុមអាយុក្រោម២២ឆ្នាំមីយ៉ាន់ម៉ា។

កម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ១ បណ្ដោះអាសន្នក្នុងពូល A ដោយមាន ៤ពិន្ទុ ស្មើជាមួយ មីយ៉ាន់ម៉ា។ ក៏ប៉ុន្តែ មីយ៉ាន់ម៉ា មានគ្រាប់បាល់តិចជាងកម្ពុជា ចំនួន ៤គ្រាប់។ បើកម្ពុជា អាចឈ្នះមីយ៉ាន់ម៉ា នៅប្រកួតបន្ទាប់ នោះក្ដីសង្ឃឹមនឹងមានច្រើន ដើម្បីឆ្លងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។

កម្ពុជា នឹងប៉ះ មីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៩:០០ នាទីតទៅ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម