Connect with us

តើអ្នកដឹងទេ នៅទូទាំងប្រទេស មានភោជនីយដ្ឋានចំនួនជាង ៤០០០ កន្លែង ប៉ុន្តែមានតែជាង ៤០ភាគរយប៉ុណ្ណោះ ដែលទទួលបានការវិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តអនាម័យល្អ

ភ្នំពេញ ៖ បើតាមរបាយការណ៍ក្រសួងសុខាភិបាល បានអោយដឹងថា គិតមកដល់ខែសីហា ឆ្នាំ២០១៨ មុននេះ ក្រសួង បានប្រគល់វិញ្ញាបនបត្រ បញ្ជាក់គោលការណ៍អនុវត្តអនាម័យល្អ បានចំនួន ១៤៦២កន្លែងហើយ ដែលស្មើនឹង៤៥,១៣% ក្នុងចំណោម ភោជនីយដ្ឋាន និងអាហារដ្ឋាននៅទូទាំង ២៥រាជធានីខេត្ត ដែលមានសរុប ៤៤៧៦ កន្លែង ។


លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យនិងគ្រឿងសំអាង បានឱ្យដឹងថា តាមរយៈការផ្តល់ជូនវិញ្ញាបនបត្រ បានបង្កើនភាពជឿជាក់ដល់អ្នកបរិភោគ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៧កន្លងទៅ មានភ្ញៀវជាតិ អន្តរជាតិ ចូលទៅទទួលទានអាហារ មានរហូតដល់ទៅ ជាង៦លាននាក់ ដែលភ្ញៀវ ទាំងនោះ ភាគច្រើន បានជ្រើសរើសេវាកម្មម្ហូបអារហារ នៅខេត្តសៀមរាប ព្រះសីហនុ និង រាជធានីភ្នំពេញ ។ សម្រាប់ខេត្ត២២ ទៀតនោះ គឺ ភ្ញៀវចូលទទួលទានអាហារ នៅមានកម្រិតទាបនៅឡើយ ។


ដោយមើលឃើញនូវចំណុចនេះ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ក្នុងករណីដែលមានការអញ្ជើញពីនាយកដ្ឋាន សូមមកចូលរួមក្នុងកម្មវិធីផ្សេងៗ ដើម្បីបានដឹង និងស្វែងយល់ អំពីផ្លូវច្បាប់ផង និងយល់ដឹងពីបច្ចេកទេសផង ដើម្បីធ្វើឲ្យសេវកម្មរបស់ខ្លួនកាត់តែមានការអភិវឌ្ឍន៍រីកចម្រើន និង ដើម្បីទាក់ទាញអតិថិជន បានកាន់តែច្រើន ។


ជាមួយគ្នានេះ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បានថ្លែងអំណរគុណដល់បណ្តាម្ចាស់ភោជនីយដ្ឋាន និង អាហារដ្ឋាននានា ដែលបានខិតខំប្រឹងប្រែងកែច្នៃភោជនីយដ្ឋានរបស់ខ្លួន ឲ្យមានភាពល្អប្រសើរ និង កម្រិតអនាម័យ ស្របតាមលក្ខខ័ណ្ឌ ដែលក្រសួងសុខាភិបាល បានប្រគល់វិញ្ញាបនបត្រជូន ។


លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ក៏បានឲ្យដឹងទៀតថា ចំពោះអ្នកបានវិញ្ញាបនបត្រហើយក្រសួងសូមសរសើរ តែអ្នកមិនទាន់ បានត្រូវតែអញ្ជើញមកសុំពាក្យនៅតាមមន្ទីរសុខាភិបាល ខេត្ត-រាជធានីរបស់ខ្លួន ដើម្បីបញ្ជូនបន្តមកនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល ធ្វើការពិនិត្យ និង វាយតម្លៃ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម