Connect with us

ក្ដីសង្ឃឹមរបស់កម្ពុជា ឡើងទៅជុំបន្ទាប់ពានរង្វាន់ AFC U19 ពឹងលើជំនួប គុយវ៉ែត ប៉ះ ប៉ាឡេស្ទីន

ភ្នំពេញ៖ ក្រុមបាល់ទាត់អាយុក្រោម១៩ឆ្នាំ (U19) ជម្រើសជាតិកម្ពុជា កំពុងចាំអ៊ុតមើលថាតើ ខ្លួនអាចមានកៅអីនៅជុំបន្ទាប់ ពានរង្វាន់ AFC U19 Championship 2020 ឬយ៉ាងណា ដោយកំពុងរង់ចាំលទ្ធផលចុងក្រោយ នៃការប្រកួតវគ្គជម្រុះក្នុងពូល A ដែលមានក្រុម អ៊ីរ៉ាក់ គុយវ៉ែត ប៉ាឡេស្ទីន អូម៉ង់ និង ប៉ាគីស្ថាន។

ក្នុងពូល A សម្រាប់ក្រុមប៉ាគីស្ថាន ពួកគេបានប្រកួតចប់សព្វគ្រប់ទាំង៤ប្រកួត ដោយស្ថិតនៅបាតតារាង ដូច្នេះ ក្រុមផ្សេងៗ ដែលទទួលបាន ៣ពិន្ទុពីប៉ាគីស្ថាន មិនត្រូវបានរាប់បញ្ចូនក្នុងបញ្ជីក្រុមលេខ២ ល្អជាងគេនោះទេ។

យោងតាមភាពជាក់ស្ដែង អ៊ីរ៉ាក់ មាន ៤ពិន្ទុ, គុយវ៉ែត មាន ៤ពិន្ទុ, ប៉ាឡេស្ទីន មាន ៣ពិន្ទុ ខណៈ អូម៉ង់ មាន ០ពិន្ទុ (ដក៣ពិន្ទុដែលទទួលបានពីជ័យជម្នះលើក្រុមប៉ាគីស្ថាន)។

 

សូមជម្រាបថា កម្ពុជា មាន ៦ពិន្ទុ និងគ្រាប់បាល់ចំណេញ ៣គ្រាប់ នៅក្នុងបញ្ជីក្រុមលេខ២ល្អជាងគេ។

នៅប្រកួតបន្ទាប់ អ៊ីរ៉ាក់ ត្រូវប៉ះ អូម៉ង់ ដែលប្រកួតនេះ អ៊ីរ៉ាក់ មានភាគរយខ្ពស់ក្នុងការយកឈ្នះលើអូម៉ង់ តែបើស្មើគ្នា វាជារឿងល្អសម្រាប់កម្ពុជា ព្រោះអ៊ីរ៉ាក់ នឹងមានតែ ៥ពិន្ទុប៉ុណ្ណោះ ។

ចំណែក ជំនួប គុយវ៉ែត ប៉ះ ប៉ាឡេស្ទីន គឺជាការប្រកួតដ៏សំខាន់ដើម្បីសម្រេចថាតើ កម្ពុជាអាចឡើងទៅវគ្គបន្តឬយ៉ាងណា។ បើ គុយវ៉ែត ឈ្នះ ប៉ាឡេស្ទីន, អ៊ីរ៉ាក់ ត្រូវតែស្មើ ឬចាញ់ អូម៉ង់។ បើ គុយវ៉ែត ចាញ់ ប៉ាឡេស្ទីន, អ៊ីរ៉ាក់ ត្រូវតែស្មើ ឬចាញ់ អូម៉ង់ ដូចគ្នា។ តែបើ គុយវ៉ែត ស្មើជាមួយ ប៉ាឡេស្ទីន, កម្ពុជា មិនខ្វាយខ្វល់ពីលទ្ធផលរបស់អ៊ីរ៉ាក់ឡើយ ពោលគឺ កម្ពុជា នឹងទទួលបានកៅអីទៅជុំបន្ទាប់ដោយស្វ័យប្រវត្តិ។

សូមជម្រាបថា ពូល A នឹងប្រកួតបញ្ចប់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម