Connect with us

តើព្រះមហាក្សត្រ ព្រះអង្គ មានព្រះរាជបន្ទូលអ្វីខ្លះ ក្នុងព្រះរាជសុន្ទរកថា បើកសម័យប្រជុំលើក ដំបូង សម្រាប់រដ្ឋសភា នីតិកាលទី ៦

ភ្នំពេញ ៖ ដូចការគ្រោងទុក ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា នេះ ព្រះអង្គ បានយាងជាព្រះរាជាធិបតី ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៦ ជាមួយនឹងការបង្ហាញវត្តមានតំណាងរាស្ត្រជាប់ឆ្នោតទាំង១២៥រូប ជាលើកដំបូង ។

មានព្រះរាជបន្ទូល បើកសម័យប្រជុំនោះ ព្រះមហាក្សត្រ ព្រះអង្គបានសម្តែងនូវហឬទ័យសោម នស្សរីករាយ និង បានសម្តែងនូវការសាទរចំពោះសមាជិករដ្ឋសភាអាណត្តិថ្មីទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និង ជំនឿទុកចិត្ត តាមរយៈការបោះឆ្នោតកន្លងទៅនេះ ។


ព្រះអង្គ បានមានព្រះរាជបន្ទូលបង្ហាញជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋ បន្តការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និង ការអភិរក្ស និង អភិវឌ្ឍន៍វប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នា នឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ ។


ក្រៅពីនេះ ព្រះមហាក្សត្រ ព្រះអង្គ ក៏បានមានព្រះរាបន្ទូល ទៀតថា ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុងឧត្តមនេះ ប្រជាជាតិកម្ពុជា ត្រូវមានឯកភាព និង សាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និង ប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺមេត្តា ករុណា មុតិតា និងឧបេក្ខា»។
ព្រះមហាក្សត្រ បានប្រសិទ្ធពរ ឲ្យរដ្ឋសភានីតិកាលទី០៦ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្តមប្រយោជន៍រួមជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។


គួរបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ការបើកសម័យប្រជុំលើកដំបូងនីតិកាលថ្មី នៃរដ្ឋសភា ធ្វើឡើងក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។ ក្រៅពី សមាសភាពតំណាងរាស្ត្រទាំង១២៥រូប ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត បណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ ។


បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ សម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាព នៃអាណត្តិរបស់សមាជិកនីមួយៗ និង ការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦ ។
តាមការគ្រោងទុក នៅរសៀលថ្ងៃទី ៥ ខែកញ្ញានេះ តំណាងរាស្ត្រទាំង១២៥រូប នឹងចូលទៅកាន់ព្រះបរមរាជវាំង ដើម្បីធ្វើពិធីសច្ចាប្រណិធាននៅចំពោះព្រះភក្ត្រមហាក្សត្រ មុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លួន ។

ដោយឡែក នៅថ្ងៃទី០៦ ខែកញ្ញា រដ្ឋសភា នឹងធ្វើការបោះឆ្នោតជ្រើសតាំង ថ្នាក់ដឹកនាំរដ្ឋសភារួមមាន៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះ ថ្នាក់ដឹកនាំ និង សមាជិក រាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម