Connect with us

ព្យុះទីហ្វុង មិនទាន់ផុតផង រញ្ជួយដីស្រាល៥លើក វាយប្រហារហ្វីលីពីនថែមទៀត

ហ្វីលីពីន ពិតជាមានបញ្ហាមិនចេះចប់មែន!

ហ្វីលីពីន៖ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ទីក្រុង Guiuan នៅខេត្ត Eastern Samar ភាគខាងកើតប្រទេសហ្វីលីពីន ត្រូវបានរងការរញ្ជួយដី កម្រិតស្រាលមួយ ខណៈហ្វីលីពីន កំពុងរងនូវឥទ្ធិពលនៃព្យុះទីហ្វុង កាមូរី (Kammuri) ដែលជាព្យុះទីហ្វុង ទី២០ ប្រចាំឆ្នាំ។

រញ្ជួយដី នៅយប់ម៉ោង០០:៣០នាទី ឈានចូលថ្ងៃអង្គារនេះ ដែលមានកម្រិត ៤,២រ៉ិចទ័រ មិនមានសេចក្ដីរាយការណ៍ពីការខូចខាតអ្វីឡើយ។ ការរង្គើកម្រិតស្រាលមួយទៀត កម្រិត ១,៩រ៉ិចទ័រ បានកើតឡើងនៅម៉ោង០០:៤២នាទី រួច ២,០រ៉ិចទ័រ នៅម៉ោង០១:៥៨នាទី និងកម្រិតដូចគ្នា នៅម៉ោង០៣:២៥នាទីព្រឹក។ បន្ទាប់មកទៀត រញ្ជួយដីកម្រិតស្រាល ១,៨រ៉ិចទ័រ បានកើតឡើងនៅម៉ោង០៤:១៣នាទីព្រឹក។

ទីក្រុង Guiuan ដែលរងការរញ្ជួយដីទាំងនេះ មិនមានការផ្គត់ផ្គង់អគ្គិសនី តាំងពីយប់ថ្ងៃចន្ទមកម្ល៉េះ បន្ទាប់ពីព្យុះទីហ្វុង កាមូរី បានបក់បោកមកលើហ្វីលីពីន។ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ នៅខេត្ត Sorsogon នៅកោះ Luzon ។ ជើងហោះហើរ ជិត ៥០០ជើង ត្រូវបានលុបចោល នៅព្រលានយន្តហោះអន្តរជាតិទីក្រុងម៉ានីល អំឡុងរយៈពេល ១២ម៉ោងនៃការប្រកាសដាក់ស្ថានភាពក្នុងការប្រុងប្រយ័ត្នរបស់អាជ្ញាធរហ្វីលីពីន ចាប់ពីម៉ោង១១ព្រឹក ថ្ងៃអង្គារនេះតទៅ។ សាលារៀន ក្រសួង ស្ថាប័ននានា ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន។

ព្យុះទីហ្វុងកាមូរី មានល្បឿន ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនឹងបន្ថយឥទ្ធិពលរបស់វានៅលើប្រទេសហ្វីលីពីន នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូខាងមុខ។ មកទល់ពេលនេះ អាជ្ញាធរ បានជម្លៀសប្រជាជនហ្វីលីពីនជាង ២២៥០០០ នាក់ ដើម្បីទៅកាន់ទីមានសុវត្ថិភាព។

សូមជម្រាបថា ហ្វីលីពីន កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅទីក្រុងម៉ានីល និងតំបន់ជុំវិញ នៅដើមខែធ្នូនេះ៕

ប្រភព៖ Inquirer, Bloomberg

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម