Connect with us

គូប្រកួតរបស់កម្ពុជា នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រស៊ីហ្គេម នឹងបានដឹងរសៀលនេះ

ប្រិយមិត្តចង់ឱ្យកម្ពុជា ប៉ះក្រុមណា នៅវគ្គបន្ទាប់?

ភ្នំពេញ៖ កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រដែលមិនធ្លាប់មានក្នុងរយៈពេល ៦០ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ក្រោយពីបានបំបាក់ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣ ទល់នឹង ១ កាលពីម្សិលមិញ។ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជា ចាំអ៊ុតមើលថាតើ ក្រុមណា ដែលខ្លួននឹងត្រូវប៉ះនៅវគ្គបន្ទាប់។

កម្ពុជា គឺជាក្រុមលេខ២ មកពីពូល A ដែលត្រូវប៉ះក្រុមលេខ១ ក្នុងពូល B ។ សម្រាប់ពូល B ក្រុមចំនួន៣ បានអស់ឱកាសដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ រួមមាន ឡាវ សិង្ហបុរី និងព្រុយណេ ខណៈក្រុមវៀតណាម ឥណ្ឌូណេស៊ី និង ថៃ ជាក្រុម៣ ដែលអាចឡើងទៅកាន់វគ្គបន្ត។

បច្ចុប្បន្ន វៀតណាម ឈរនៅលេខ១ មាន ១២ពិន្ទុ (គ្រាប់ចំណេញ ១៣គ្រាប់), ឥណ្ឌូណេស៊ី ឈរលេខ២ មាន ៩ពិន្ទុ (គ្រាប់ចំណេញ ១១គ្រាប់) និង ថៃ ឈរលេខ៣ ៩ពិន្ទុ (គ្រាប់ចំណេញ ១០គ្រាប់)។ ប្រកួតបន្ទាប់នៅរសៀល ម៉ោង៣ ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូនេះ វៀតណាម ប៉ះ ថៃ ខណៈ ឥណ្ឌូណេស៊ី ប៉ះ ឡាវ។

ក្រឡេកមើលគូទាំងពីរនេះ យើងអាចទស្សន៍ទាយថា ឥណ្ឌូណេស៊ី មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះ ឡាវ ដោយហេតុថា ឡាវ បានធ្លាក់ស្រាប់ទៅហើយ ដូច្នេះ ពួកគេប្រហែលជាមិនសូវខ្វាយខ្វល់ពីលទ្ធផលនោះទេ។ ចំណែក វៀតណាម ប៉ះ ថៃ ទើបជាគូដ៏ជក់ចិត្ត ដែលអ្នកគាំទ្រក្រុមទាំងពីរ ក៏ដូចជា អ្នកគាំទ្រកម្ពុជា ត្រូវតាមដាន ព្រោះថា ថៃ ត្រូវការឈ្នះវៀតណាមជាចាំបាច់ ហើយ ត្រូវឈ្នះលើសពី ៤គ្រាប់ ថែមទៀត ដើម្បីឱ្យវៀតណាម ធ្លាក់មកលេខ៣ ក្នុងករណី ឥណ្ឌូណេស៊ី ឈ្នះឡាវ លើសពី២គ្រាប់។

បើ វៀតណាម ស្មើជាមួយ ថៃ ដូច្នេះ វៀតណាម នឹងឡើងជាមួយ ឥណ្ឌូណេស៊ី តែលុះត្រាតែ ឥណ្ឌូណេស៊ី ស្មើ ឬ ឈ្នះ ឡាវ។ បើ វៀតណាម ស្មើជាមួយ ថៃ តែឥណ្ឌូណេស៊ី ចាញ់ ឡាវ នោះ វៀតណាម នឹងដឹកដៃថៃ ឡើងទៅវគ្គបន្តជាមួយគ្នា។

តាមការទស្សន៍ទាយរបស់ MyTV Plus កម្ពុជាយើង មានភាគរយខ្ពស់ ៧០-៨០% ទៅហើយ ក្នុងការជួបក្រុមវៀតណាម នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។ ទោះបីជាថៃ ឈ្នះ វៀតណាម ១ ទល់នឹង ០ ក៏ថៃ មិនអាចឡើងបាននោះដែរ ក្នុងករណីឥណ្ឌូណេស៊ី ឈ្នះឡាវ ត្រឹម១គ្រាប់។ ក្នុងករណីនេះ បើ ថៃចង់បានលេខ១ ក្នុងពូល B គឺថៃ ត្រូវតែឈ្នះ វៀតណាម លើសពី ៤គ្រាប់៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម