Connect with us

ក្រុមបាល់ទាត់អង់គ្លេស ប្ដឹងអ្នករើសអើងកីឡាករ ឱ្យទទួលទោស

ស្រុកគេមានច្បាប់ចំពោះអ្នករើសអើងកីឡាករ!

អង់គ្លេស៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការរើសអើងទៅលើកីឡាករបាល់ទាត់របស់ក្លិប Manchester United អំឡុងការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Manchester City កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ ការរើសអើងពណ៌សម្បុរ ឬ ជាតិសាសន៍ នៅក្នុងវិស័យបាល់ទាត់ គឺជារឿងដែលមិនអាចទទួលយកបានឡើយ ដែលពិភពលោក ជាពិសេសបណ្ដាប្រទេសដែលមានវិស័យបាល់ទាត់ជឿនលឿន តម្រូវឱ្យដាក់ទោសទៅលើបុគ្គលដែលធ្វើសកម្មភាពរើសអើស តាមគ្រប់រូបភាព ដោយអាចឈានដល់ការហាមមិនឱ្យពាក់ព័ន្ធនឹងកីឡាបាល់ទាត់អស់មួយជីវិត។

ប៉ូលិស នៅទីក្រុង Manchester បានឱ្យដឹងថា បុរសវ័យ ៤១ឆ្នាំ ដែលជាអ្នកគាំទ្រក្រុម Manchester City ត្រូវបានឃាត់ខ្លួន បន្ទាប់ពីគេឃើញវីដេអូ សកម្មភាពរបស់បុរសនោះ ធ្វើការរើសអើងទៅលើកីឡាករ Fred និង Jesse Lingard របស់ Man Utd ដោយធ្វើកាយវិកាជាសត្វ ស្វា។ Fred ត្រូវបានរាយការណ៍ថា បានត្រូវអ្នកគាំទ្រ Man City គប់ដែកកេះចំរូបគេ អំឡុងការប្រកួត ដែលក្រុម Man City ចាញ់ Man Utd ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Etihad ផងដែរ។

ក្លិបទាំងពីរ ក៏ដូចជា គ្រូបង្វឹក បានធ្វើការថ្កោលទោសនូវសកម្មភាពរើសអើងរបស់បុរសខាងលើ។ លោក Pep Guardiola អ្នកចាត់ការ Man City បានគាំទ្រចំពោះចំណាត់ការរបស់ប៉ូលិល ខណៈលោក Ole Gunnar Solskjaer អ្នកចាត់ការ Man Utd ថា សកម្មភាពរបស់អ្នកគាំទ្រ Man City មិនអាចទទួលយកបានឡើយ។ លោក Ole បន្តថា អ្នកគាំទ្រដែលរើសអើងនៅក្នុងបាល់ទាត់ មិនគួរត្រូវអនុញ្ញាតឱ្យជាន់បរិវេណកីឡាបាល់ទាត់ទៀតឡើយ។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស កំពុងស៊ើបអង្កេតករណីនេះ ដើម្បីឈានដល់ការសម្រេចដាក់ទោសអ្នកគាំទ្រ ដែលរើសអើងកីឡាករ៕

ប្រភព៖ Daily Mail

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម