Connect with us

អ៊ីយ៉ាស់ ដំណឹងល្អទៀតហើយ! ក្រុមហ៊ុន CAMHR បានធានាអះអាង ក្នុងការផ្តល់ឳកាសការងារដល់និស្សិត ៣០០០នាក់ នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺ CAMHR បានធានាផ្តល់ឳកាសការងារដល់និស្សិតកម្ពុជា ចំនួន៣០០០នាក់ ដែលមានចំណេះដឹង និងជំនាញពិតប្រាកដ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ។ ក្រុមហ៊ុននេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន CAMHR និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាត្រូវបានគេចាត់ទុកថា វាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកស្ទួយវិស័យការងារ អោយឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រុមហ៊ុនឯកជនបរទេសនានា ដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយកំពុងស្វែងរកធនធានមនុស្សពោរពេញទៅដោយចំណេះដឹង បទពិសោធន៏ ជំនាញពិតប្រាកដប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៌ខ្ពស់ អោយចូលបម្រើការនៅក្នុងស្ថាប័នរបស់ពួកគេ ។


លោក ដេវីដ ប៉ាន (David Pan) ប្រធានចាត់ការទូទៅប្រចាំក្រុមហ៊ុន CAMHR បានមានប្រសាសន៏ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ថា ក្រុមហ៊ុន CAMHR បានមើលឃើញក្រុមហ៊ុនបរទេសខ្នាតអន្តរជាតិជាច្រើន ជាពិសេសក្រុមហ៊ុនចិន កំពុងបោះទុនវិនិយោគរាប់ពាន់លានដុល្លាក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនទាំងនេះ កំពុងត្រូវការកំលាំងពលកម្មក្នុងស្រុកដែលមានចំណេះដឹងនិងជំនាញបច្ចេកទេសច្បាស់លាស់រាប់ម៉ឺននាក់ អោយទៅបម្រើការនៅក្រុមហ៊ុនរបស់ពួកគេ ។


លោក បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សជាច្រើនលើសលុបបែបនេះ ក្រុមហ៊ុន CAMHR បានសំលឹងមើលឃើញនិស្សិតដែលកំពុងសិក្សាជំនាញសំណង់ស៊ីវិល ស្ថាបត្យកម្ម អគ្គិសនី អេឡិចត្រូនិច មេកានិក វិទ្យាសាស្ត្រកុំព្យូទ័រ ទេសចរណ៏និងបដិសណ្ឋារកិច្ច និងវិទ្យាសាស្ត្រសង្គម នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងក្លាយជាធនធានមនុស្សដ៏សំខាន់បំផុតដែលមានចំណេះដឹង និង ជំនាញពិតប្រាកដ អាចបំពេញលក្ខខណ្ឌការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមលើកស្ទួយក្រុមហ៊ុនអោយមានភាពរីកចម្រើន អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។


សូមបញ្ជាក់ថា ត្រឹមតែរយៈពេល៩ឆ្នាំប៉ុណ្ណោះ ក្រុមក្រុមហ៊ុន CAMHR បានពង្រីកវិសាលភាពនិងសក្តានុពលរបស់ខ្លួនយ៉ាងឆាប់រហ័សរហូតក្លាយទៅជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដោយបានជ្រើសរើសបុគ្គលិករហូតដល់ទៅជាង ៥ម៉ឺននាក់ អោយទៅបម្រើការងារនៅក្នុងស្ថាប័នក្រុមហ៊ុនអន្តរជាតិទាំងក្នុងស្រុក និងក្រៅស្រុកចំនួន៥០០ ក្រុមហ៊ុន៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម