Connect with us

អគ្គនាយករដ្ឋបាលជលផល លើកឡើងថា ទន្លេមេគង្គ មានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា តាំងពីសម័យចក្រភពខ្មែរ

ភ្នំពេញ៖ លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល បានមានប្រសាសន៍ថា ទម្លេមេគង្គ មានសារសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ តាំងពីសម័យចក្រភពខ្មែរ តាមរយៈការផ្ដល់ជាជីវចម្រុះសម្បូរបែប ផ្លូវទឹក ម្ហូបអាហារ និងផលប្រយោជន៍ផ្សេងៗ មកដល់បច្ចុប្បន្ន ដូច្នេះ ត្រូវទាញផលប្រយោជន៍ឱ្យបានច្រើន ដើម្បីមនុស្សជំនាន់ក្រោយ និង ការរីកចម្រើនសេដ្ឋកិច្ច។

ថ្លែងនាព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ក្នុងសិក្ខាសាលា ទស្សនៈវិស័យគោលនយោបាយស្ដីពីអនាគតទន្លេមេគង្គ ” សារសំខាន់នៃទន្លេមេគង្គក្រោមបរិបទនៃការរីកចម្រើនរបស់កម្ពុជា” ដែលមានការចូលរួមពីវាគ្មិននៃក្រសួង ស្ថាប័នពាក់ព័ន្ធ លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យជលផល ដែលមានសសរស្ដម្ភចំនួន៤ រួមមាន៖ ១-ការគ្រប់គ្រង និងអភិរក្សជីវចម្រុះ ដូចជាអភិរក្សសត្វដែលជិតផុតពូជ ការពារទីជម្រក និង បង្ក្រាបការនេសាទខុសច្បាប់, ២-ការអភិវឌ្ឍវារីវប្បកម្ម, ៣- ការកែច្នៃផលនេសាទ ដោយធ្វើយ៉ាងណារក្សាឱ្យបាននូវតម្លៃ កុំឱ្យខូចគុណភាពដែលអាចបណ្ដាលឱ្យមានតម្លៃថោក មិនអាចទុកបានយូរ និងការគ្រប់គ្រងជាតិពុល, ៤- ការពង្រឹងអភិវឌ្ឍធនធានមនុស្ស។

សិក្ខាសាលានេះ ធ្វើឡើងក្រោមគម្រោង “អច្ឆរិយភាពនៃទន្លេមេគង្គ” ដែលមានការគាំទ្រពីមូលនិធិ USAID និងត្រូវបានបើកសម្ពោធផ្លូវការ ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបកម្ពុជា ហៅកាត់ IFReDI ជាមួយមជ្ឈមណ្ឌលទឹកសាកល នៃសាកលវិទ្យាល័យរដ្ឋ Nevada, Reno ព្រមទាំងមានដៃគូសហការផ្សេងៗទៀត ដូចជា ក្រុមហ៊ុនប្រឹក្សានេសាទ និងបរិស្ថាន FISHBIO ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សាកលវិទ្យាល័យ California សាកលវិទ្យាល័យ Utah និងសមាគមគ្រូបង្រៀនវិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧។

គម្រោងដែលមានរយៈពេល ៥ឆ្នាំនេះដែរ មានគោលដៅដើម្បីជំរុញការយល់ដឹងនៃជីវចម្រុះ និងអភិរក្សតម្លៃនៃប្រព័ន្ធអេកូឡូស៊ី ទីជម្រក នៅតាមដងទន្លេមេគង្គ តាមរយៈការស្រាវជ្រាវ ការកសាងសមត្ថភាព និងការទំនាក់ទំនង។

សូមជម្រាបថា ទន្លេមេគង្គ ដែលលាតសន្ធឹងពីប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម មានប្រវែង ៤៩០៩ គីឡូម៉ែត្រ ដែលធ្វើឱ្យទន្លេមេគង្គ ជាទន្លេវែងលំដាប់ទី១២ នៅលើពិភពលោក និងវែងលំដាប់ទី៣ នៅក្នុងទ្វីបអាស៊ី។ អាងទន្លេមេគង្គ គ្របដណ្ដប់លើផ្ទៃដី ៧៩៥០០០ គីឡូម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃដីរបស់ប្រទេសស៊ីលី។ មកទល់បច្ចុប្បន្ន គេរកឃើញត្រីប្រមាណ ៨០០ប្រភេទ ដែលធ្វើឱ្យទន្លេមេគង្គ មានជីវចម្រុះក្នុងទឹកច្រើនលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីទន្លេអាម៉ាហ្សូន និងទន្លេកុងហ្គោ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម