Connect with us

នៅកម្ពុជា អ្នកដែលមានអាយុចន្លោះពី ៤៨ឆ្នាំ ដល់ ៥១ ឆ្នាំ ប្រឈមនឹងការកើតមានជម្ងឺមហារីក ដូចនេះគួរពិនិត្យសុខភាពអោយទៀងទាត់

ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត និងសមាគមអន្តរជាតិនៃការចុះបញ្ជិការជំងឺមហារីក បានរួមគ្នា បណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាល ស្ដីអំពីមូលដ្ឋាននៃការចុះបញ្ជិកាជំងឺមហារីក ដើម្បីសិក្សាពីការវិវត្តនៃជំងឺមហារីកនៅកម្ពុជា។ បើតាមឯកឧត្តម វេជ្ជបណ្ឌិត ឈៀង រ៉ា អគ្គនាយកមន្ទីរពេទ្យកាលម៉ែត បានអោយដឹងថា ការប្រមូលទិន្នន័យមហារីកត្រឹមត្រូវ និងពេញលេញ នឹងត្រូវបានប្រើប្រាស់សម្រាប់ការគ្រប់គ្រងស្រាវជ្រាវ រៀបចំផែនការកម្មវិធីសុខភាពសាធារណៈ និង កែលម្អការថែទាំអ្នកជំងឺមហារីក ។


អគ្គនាយកមន្ទីរពេទ្យកាលម៉ែត បានលើកឡើងថា សកម្មភាពទាំងអស់នេះ នឹងកាត់បន្ថយបន្ទុកនៃជំងឺមហារីកនៅកម្ពុជា។ ឯកឧត្តម វេជ្ជបណ្ឌិត ឈាង រ៉ា បានថ្លែងបន្តថា នៅក្នុងសង្គមបច្ចុប្បន្ន កិច្ចការដែលអាចទទួលបានជោគជ័យ លុះត្រាតែមានព័ត៌មាន ដែលជាព័ត៌មានបែបវិទ្យាសាស្រ្ត និងដែលអាចយកទៅវិភាគ ធ្វើផែនការយុទ្ធសាស្ត្របាន។

ដូច្នេះហើយដើម្បី ធ្វើកិច្ចការនេះបាន ទាមទារការប្រមូលព័ត៌មានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសុកិត្រ ហើយព័ត៌មាននេះ នឹងប្រើទៅលើចំ ណុចធំ៤ ៖ គឺ ទី១-ទៅលើការតាមដាននូវជម្ងឺមហារីក ទី២-ទៅលើការសិក្សាបែបវេជ្ជសាស្ត្រដើម្បីនិងធ្វើការស្រាវជ្រាវ ទី៣- ប្រើព័ត៌មានទាំងអស់នេះដើម្បីធ្វើផែនការសុខភាពសាធារណៈដែលពាក់ព័ន្ធ និងផលប៉ះពាល់អ្នកជម្ងឺមហារីក និង ទី៤ ប្រើប្រាស់សម្រាប់ធ្វើការកែលំអរនូវការកែថែទាំព្យាបាលជម្ងឺមហារីកកាន់តែប្រសើរ ។


បើតាមលោកសាស្ត្រាចារ្យ អ៊ាវ សុខា ប្រធានផ្នែកជម្ងឺមហារីក និង ជម្ងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែត្រ បានបញ្ជាក់ថា ជម្ងឺមហារីកនាពេលបច្ចុប្បន្នមាន៥ គឺ ទី១-ជម្ងឺមហារីកមាត់ស្បូននៅលើស្ត្រី ទី២-ជម្ងឺមហារីកសុដន់លើស្ត្រី ទី៣-ជម្ងឺមហារីកថ្លើម ដែលភាគច្រើនកើតលើបុរសនៅលើបុរស ទី៤-ជម្ងឺមហារីកសួតនិងទី៥គឺជម្ងឺមហារីកក្រពះនិងពោះវៀនធំ ។


លោកសាស្ត្រាចារ្យ អ៊ាវ សុខា ក៏បានអោយដឹងផងដែរថា តាមការស្រាវជ្រាវអស់រយះពេលជិត២០ឆ្នាំនេះ រកឃើញថា អាយុដែលកើតជម្ងឺមហារីកនៅប្រទេសកម្ពុជា គឺ ចន្លោះពី៤៨ ឆ្នាំ ទៅ៥១ឆ្នាំ ដែលអាយុនេះខ្ពស់ជាងគេ ។ ក្នុងនោះ អ្នកកើតជម្ងឺមហារីកនៅប្រទេសកម្ពុជា ដែលមានអាយុតិចជាង៣០ឆ្នាំ មានលើសពី១០% ដែលតួលេខនេះ បើប្រៀបធៀបទៅនឹងប្រទេសថៃ និងវៀតណាម គឺជាតួរលេខខ្ពស់មួយ ព្រោះនៅប្រទេសទាំងនោះ គេមានត្រឹម ៤ ទៅ ៦% តែបុណ្ណោះ ។

ទាំងនេះ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវតែធ្វើការស្រាវជ្រាវវិទ្យាសាស្ត្របន្តទៅមុខទៀត ដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ ដូចជា ប្រទេសជប៉ុន និងប្រទេសជិតខាងដទៃទៀត ដើម្បីស្រាវជ្រាវរកមូលហេតុ ក្នុងគោលបំណង បំបាត់មូលហេតុវាដើម្បីការពារប្រជាពលរដ្ឋ បន្ថយអត្រានៃការស្លាប់ដោយសារជម្ងឺមហារីកនៅពេលអនាគត ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម