Connect with us

ម្ចាស់ក្រុមហ៊ុន Forever 21 ប្រកាសក្ស័យធន ខណៈហាងលក់ បិទជាបន្តបន្ទាប់

អាមេរិក៖ ក្រុមហ៊ុន Forever 21 បានដំណើរការយ៉ាងមានស្ថិរភាពនៅក្នុងទីផ្សារសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំ។ ប៉ុន្តែ នៅរដូវកាលបុណ្យណូអែល និងចូលឆ្នាំសាកល ឆ្នាំនេះ ក្រុមហ៊ុនដែលលក់សម្លៀកបំពាក់យុវវ័យនេះ កំពុងបិទហាងជាបន្តបន្ទាប់។

Forever 21 បានប្រកាសក្ស័យធនកាលពីខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីការវិនិយោគបន្ថែម នៅក្រៅប្រទេស។ គិតត្រឹមខែកញ្ញា Forever 21 មានហាងជាង ៨០០កន្លែង នៅទូទាំងពិភពលោក។ ការផ្ដោតលើការពង្រីកបន្ថែម បានបង្កផលប៉ះពាល់ដល់ការវិនិយោគក្នុងសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យចេញម៉ូដសម្លៀងបំពាក់មិនទាន់តម្រូវការរបស់អតិថិជន ដែលចង់ឃើញភាពប្លែកៗនៃម៉ូដ។ ទន្ទឹមនេះ មានការលេចឡើងនូវការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុន H&M និង Zara ធ្វើឱ្យ Forever 21 កាន់តែអស្ថិរភាពក្នុងការលក់របស់ខ្លួន។

អ្នកវិភាគ បានអះអាងថា Forever 21 មិនបានយល់ច្បាស់ពីតម្រូវការទីផ្សារ នៅក្រៅសហរដ្ឋអាមេរិក។ អំឡុងដំណើរក្ស័យធន ក្រុមហ៊ុននេះ គ្រោងនឹងបិទនៅទីផ្សារអាមេរិក និងអឺរ៉ុប ប៉ុន្តែនឹងបន្តប្រតិបត្តិការនៅប្រទេសម៉ិកស៊ិក និងបណ្ដាប្រទេសអាមេរិកឡាទីន ដែលជាទីផ្សារដ៏រឹងម៉ាំ។ សម្រាប់ទីផ្សារអាមេរិក Forever 21 នឹងបិទហាងមួយចំនួនតែប៉ុណ្ណោះ។

សូមជម្រាបថា Forever 21 មានចំណូលប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ពីការលក់នៅទូទាំងពិភពលោក ក្នុងមួយឆ្នាំ។ ទៅថ្ងៃអនាគត ក្រុមហ៊ុននេះ នឹងផ្ដោតលើទីផ្សារអាមេរិក និងគុណភាពសម្លៀកបំពាក់ ដើម្បីទាក់ទាញអតិថិជនត្រឡប់មកវិញ៕

ប្រភព៖ CNBC

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម