Connect with us

រដ្ឋបាលរាជធានីភ្នំពេញ បង្កើត “រដ្ឋាករស្វយ័ត” ដែលគ្រប់គ្រងលើការប្រមូលសំរាម និងប្រាប់វិធីបង់ថ្លៃសេវាថ្មី

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពី ការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។

រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើត “រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ” ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រង ការផ្ដល់សេវាប្រមូលសំរាម និងសំណល់រឹង ការអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី និងការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដោយមិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ។

ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ អតិថិជនត្រូវបង់ថ្លៃសេវាប្រចាំខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ នៃខែបន្ទាប់ (ឧទាហរណ៍ សម្រាប់ថ្លៃសេវាប្រចាំខែមករា ឆ្នាំ២០២០ អតិថិជន ត្រូវបង់ថ្លៃសេវាពីថ្ងៃទី០១ ដល់ ១៥ ខែកុម្ភៈ) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរសព្ទដៃ) ឬបញ្ជរទូទាត់ធនាគារ ACLEDA ឬ តាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY Lyhour Weluy, Pi Pay, True Money និង Dara Pay ។ល។

រដ្ឋបាលរាជធានីភ្នំពេញ បានរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្ន ជាបណ្ដោះអាសន្ន និងស្នើដល់ប្រជាពលរដ្ឋ ប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និងសំណល់រឹង ដែលបានបង់រួចហើយ កាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។ ទន្ទឹមនេះ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី ក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងជាបណ្ដោះអាសន្ន តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវាទេ។

សូមជម្រាបថា ការផ្លាស់ប្ដូរប្រព័ន្ធគ្រប់គ្រង និងនីតិវិធីនៃការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ អនុលោមតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម