Connect with us

បច្ចេកវិទ្យាដ៏ច្នៃប្រឌិតរបស់ចិន បានជួយឱ្យការបោះពុម្ពក្រដាស កាត់បន្ថយការបំពុលបរិស្ថាន

ប្រទេសចិន ៖ បច្ចេកវិទ្យាថ្មីមួយដែលជំនួសឱ្យការប្រើទឹកក្បាលរ៉ូប៊ីនេ នៅពេលបោះពុម្ពក្រដាស បានជាប់ការពិនិត្យវាយតម្លៃយ៉ាងហ្មត់ចត់ពីអ្នកជំនាញនៅក្នុងខេត្តយុនណាន ភាគនិរតីប្រទេសចិន កាលពីពេលថ្មីៗនេះ។

បច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដោយសហគ្រាសមួយ ដែលដំណើរការរបស់វាមិនត្រឹមតែចូលរួមចំណែកក្នុងការការពារបរិស្ថានប៉ុណ្ណោះទេ តែវាក៏ជាដំណោះស្រាយមួយ ដែលចំណាយប្រាក់អស់តិចជាងមុនផងដែរ សម្រាប់ឧស្សាហកម្មបោះពុម្ព ។ ឧស្សាហកម្មកាសែត និងបោះពុម្ពរបស់ចិន ត្រូវការអាល់កុល អ៊ីសូប្រូភីល យ៉ាងច្រើនដើម្បីបោះពុម្ព ហើយវា ត្រូវបញ្ចេញកាកសំណល់ជាទឹក និង ឧស្ម័នយ៉ាងច្រើន ។

គេប៉ាន់ប្រមាណថា វិស័យរោងពុម្ពទាំងមូល បញ្ចេញសមាសធាតុសរីរាង្គ ដែលងាយនឹងប្រែជាឧស្ម័ន ប្រហែល 2លាន5សែនតោន និង កាកសំណល់សារធាតុរាវនិងធាតុពុល ប្រមាណ 3 ម៉ឺនតោន ជារៀងរាល់ឆ្នាំ។ លោក ចូវ តាវមីង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Yunnan Joy-printing Co., Ltd បានលើកឡើងថា ភាពខុសគ្នាដ៏ធំបំផុតរវាងបច្ចេកវិទ្យាថ្មីនេះ និង បច្ចេកវិទ្យាមុន គឺនៅត្រង់ថា គេអាចយកចេញនូវវត្ថុធាតុនានា ក្នុងអាល់កុល និងអេទែរ ក៏ដូចជាធាតុគីមីប្រភេទផ្សេងទៀត នៅពេលបោះពុម្ពបានដែរ។

បច្ចេកវិទ្យាថ្មីនេះ ស្រួលប្រើជាង ហើយជួយបង្កើនគុណភាពបោះពុម្ពទៀតផង។ លោក លីវ ហុងពីន អ្នកគ្រប់គ្រង ផ្នែកកាសែតនិងបោះពុម្ព នៃរោងពុម្ពរបស់ក្រុមហ៊ុនកាសែតយុន ណាន បានមានប្រសាសន៍ថា បច្ចេកវិទ្យានេះ គឺពិតជាការផ្លាស់ប្ដូរដ៏ធំមួយ នៃបច្ចេកវិទ្យាបោះពុម្ពក្រដាសទូទៅ ។ បើប្រៀបជាមួយការបោះពុម្ពធម្មតា បច្ចេកវិទ្យាថ្មីនេះ មានគុណភាពជាង ។ វាបានកែលម្អចំណុចជាច្រើន ដែលរួមមានដូចជា ស្នាមអុចៗលើផ្ទៃក្រដាស និង ការស្តារគុណភាពពណ៌បានទៀតផង ។

ការបោះពុម្ពតាមវិធីសាស្រ្តថ្មី ក៏ជាវិធីដ៏ល្អប្រសើរផងដែរ សម្រាប់កាត់បន្ថយថ្លៃចំណាយ។ រោងពុម្ពរបស់ក្រុមហ៊ុនកាសែត យុនណាន (Yunnan Press Group) បានប្រើបច្ចេកវិទ្យាថ្មីនេះ អស់រយៈពេលជាង 6 ខែមកហើយ និង បានកាត់បន្ថយថ្លៃចំណាយលើសម្ភារៈ សម្រាប់បោះពុម្ព បានប្រហែល8 ម៉ឺន 8 ពាន់ដុល្លារអាមេរិច៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម