Connect with us

ករណីប្ដឹងដ៏កម្រមួយនៅជប៉ុន ដែលជនរងគ្រោះត្រូវបានគេរំលោភ តុលាការសម្រេចឱ្យដើមបណ្ដឹងឈ្នះក្ដីហើយ

ជប៉ុន៖ តុលាការក្រុងតូក្យូ នៅថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្គាប់ឱ្យចុងចោទ សងជាទឹកប្រាក់ ៣,៣លានយេន (៣ម៉ឺនដុល្លារអាមេរិក) ពាក់ព័ន្ធនឹងករណីរំលោភបំពានផ្លូវភេទ ទៅលើអ្នកកាសែត ឈ្មោះ Shiori Ito ភេទស្រី ដែលបានចោទប្រកាន់ទៅលើអតីតពិធីករទូរទស្សន៍រូបនោះ ថា បានរំលោភគាត់ និងឈានដល់ការផ្ទុះឡើងនៃចលនាដ៏ល្បីមួយ ឈ្មោះថា “#MeToo” ដែលជាចលនាប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ នៅក្នុងប្រទេសជប៉ុន នាពេលកន្លងទៅ។

រឿងក្ដីនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនជប៉ុន និងពិភពលោក ព្រោះវាជាករណីកម្របំផុត ដែលជនរងគ្រោះ ត្រូវបានគេរំលោភ ហ៊ានរាយការណ៍ទៅកាន់សមត្ថកិច្ច នៅជប៉ុន។ យោងតាមរបាយការណ៍ឆ្នាំ២០១៧ មានតែស្ត្រី ៤ភាគរយប៉ុណ្ណោះ ដែលហ៊ានចេញមុខប្ដឹងជនបង្ក។

អ្នកស្រី Ito បានប្ដឹងទារសំណង ១១លានយេន ឬ ១០ម៉ឺនដុល្លារអាមេរិក ពីលោក Noriyuki Yamaguchi ដែលជាអតីតពិធីករទូរទស្សន៍មួយរូប ដែលលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ។ ពិធីករដដែល ត្រូវបានចោទប្រកាន់ ដោយបានរំលោភជនរងគ្រោះ បន្ទាប់ពីគាត់បានអញ្ជើញនាងទៅទទួលទានអាហារពេលល្ងាច ក្នុងហេតុផលដើម្បីជួបសម្ភាសការងារ កាលពីឆ្នាំ២០១៥។

លោក Noriyuki Yamaguchi បានបដិសេធនូវការចោទប្រកាន់នេះ ហើយលោក បានប្ដឹងឧទ្ធរណ៍តបតនឹងអ្នកស្រី Ito ដើម្បីទារប្រាក់ ១៣០លានយេនវិញ៕

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម