Connect with us

លោកស្រី យីងឡាក់ បង្ហាញអារម្មណ៍នឹកនាដល់ក្រុមគ្រួសារនៅក្នុងប្រទេសថៃ តាមបណ្ដាញសង្គម

បរទេស៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ បានរិះគន់រដ្ឋាភិបាលយោធាថៃ ដែលបានរឹបអូសទ្រព្យសម្បត្តិរបស់លោកស្រី និងដាក់ដេញថ្លៃលក់ទៅឱ្យជនដទៃ។ លោកស្រី បានសរសេរពីការរិះគន់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីបង្ហាញការមិនពេញចិត្តផងដែរ ចំពោះការនិរទេសខ្លួន ធ្វើឱ្យបែកបាក់គ្រួសារ និងអ្នកគាំទ្ររបស់គាត់។

ក្នុងការបង្ហោះនោះ លោកស្រី យីងឡាក់ បានរៀបរាប់ថា ផ្ទះរបស់គាត់ ត្រូវបានគេរឹបអូស ហើយលក់ដោយ នាយកដ្ឋានប្រតិបត្តិច្បាប់នៃប្រទេសថៃ។ លោកស្រី បានបន្ថែមថា គាត់បានប្រើប្រាស់មធ្យោបាយផ្លូវច្បាប់ ដើម្បីទាមទារទ្រព្យសម្បត្តិរបស់គាត់មកវិញ ប៉ុន្តែមិនអាចបញ្ឈប់ពួកមន្ត្រីទាំងនោះ បានឡើយ ដោយពួកគេ បានអនុវត្តតាមមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៤។ ក្រោមរដ្ឋធម្មនុញ្ញនេះ លោកស្រីបានបន្តថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន បានក្ដោបក្ដាប់អំណាច និងធ្វើឱ្យប្រទេសថៃ ធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់យោធា។

លោកស្រី យីងឡាក់ បានឱ្យដឹងទៀតថា សូម្បីតែផ្ទះរបស់ឪពុកម្ដាយគាត់ ក៏ត្រូវគេរឹបអូសដែរ។ រាល់ពេលបានដំណឹងនេះ គាត់មានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង។ ចុងបញ្ចប់ លោកស្រី ក៏បានសរសេរថា គាត់នឹងមិនឱ្យស្រមោលអតីតកាលមកតាមយាយីគាត់ឡើយ។

គូសបញ្ជាក់ថា កាលពីឆ្នាំ២០១៧ លោកស្រី យីងឡាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើឱ្យខាតបង់ថវិកាជាតិ ក្នុងគម្រោងស្រូវអង្ករ ពេលលោកស្រីនៅជានាយករដ្ឋមន្ត្រីថៃ ជាហេតុធ្វើឱ្យទ្រព្យសម្បត្តិលោកស្រី ត្រូវបានរឹបអូសជាបន្តបន្ទាប់។

លោកស្រី បាននិរទេសខ្លួន កាលពីខែសីហា ឆ្នាំ២០១៧ មុនពេលតុលាការកំពូល ចេញសាលដីកាប្រឆាំងនឹងលោកស្រី។ កាលពីខែកញ្ញាកន្លងទៅ សេចក្ដីរាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាលស៊ែប ទើបតែបានផ្ដល់សញ្ជាតិដល់លោកស្រី យីងឡាក់ និងផ្ដល់លិខិតឆ្លងដែនមួយផងដែរ៕

 

ប្រភព៖ Straits Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម