Connect with us

សៀវភៅចម្រុះមួយលានក្បាល នឹងត្រូវតាំងបង្ហាញក្នុងពិព័រណ៍ធំបំផុតលើកដំបូង នៅភ្នំពេញ

អាណាព្យាបាល គួរនាំកូនៗតូចៗ ទៅចូលរួមផង!

ភ្នំពេញ៖ ពិព័រណ៍សៀវភៅ “Big Bad Wolf Book Sale” ដែលមានដើមកំណើត នៅប្រទេសម៉ាឡេស៊ី បានប្រកាសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះថា ខ្លួននឹងរៀបចំពិព័រណ៍សៀវភៅធំបំផុតនៅលើពិភពលោក ជាលើកដំបូងរបស់ខ្លួន នៅផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី៩ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ អាធ្រាត្រ។

ជាមួយនឹងការដាក់តាំងលក់សៀវភៅភាសាអង់គ្លេសថ្មីៗ ចំនួន ១ លានក្បាល, Big Bad Wolf ចង់កសាងវប្បធម៌នៃការអាន នៅកម្ពុជា ដោយនាំមកនូវសៀវភៅភាសាអង់គ្លេសដែលមានតម្លៃសមរម្យ និងមានគុណភាព ដោយបញ្ចុះតម្លៃពី ៥០-៩០% សម្រាប់មនុស្សគ្រប់រូប។ សៀវភៅជាច្រើនប្រភេទ នឹងត្រូវយកមកដាក់តាំងពិព័រណ៍ ដូចជា៖ សៀវភៅសម្រាប់កុមារ រឿងប្រឌិត រឿងពិត ប្រលោមលោក រឿងប្រឌិតបែបវិទ្យាសាស្ត្រ មនោសញ្ចេតនា សៀវភៅអភិវឌ្ឍខ្លួន អក្សរសាស្ត្រ ប្រលោមលោកក្រាហ្វិក អាជីវកម្ម ស្ថាបត្យកម្មនិងរចនា សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត។

ក្នុងសន្និសីទសារព័ត៌មាន នៅអគាររ៉េនទ្រី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ លោកស្រី Jacqueling Ng ដែលជាសហស្ថាបនិក Big Bad Wolf បានមានប្រសាសន៍ថា នេះជាពិព័រណ៍ធំបំផុតនៅលើពិភពលោក ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។ ពិព័រណ៍នេះ ធ្លាប់រៀបចំនៅប្រទេសចំនួន១០ និងទីក្រុងចំនួន ៣២ រួចមកហើយ។ ត្រឹមឆ្នាំ២០១៩ សៀវភៅចំនួនជាង ៤៥លានក្បាល ត្រូវបានលក់អស់ ហើយទទួលបានភ្ញៀវចូលរួមប្រមាណជាង ៥លាននាក់។

លោកស្រីបន្ថែមថា Big Bad Wolf បានចាប់ផ្ដើមនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០០៩ ដោយលោកស្រី និងស្វាមី បានផ្ដួចផ្ដើមគំនិតបង្កើតកន្លែងលក់សៀវភៅតូចមួយ នៅទីតាំងដែលមានទំហំ ៥០០ម៉ែត្រការ៉េ ជាមួយសៀវភៅប្រហែល ១៥ម៉ឺនក្បាល។ ដំបូងឡើយ គាត់បានប្រមូលទិញសៀវភៅពីអ្នកចែកចាយផ្សេងៗ ដើម្បីយកមកលក់ក្នុងកន្លែងរបស់ពួកគាត់ ហើយលក់នៅក្នុងតម្លៃថោកសមរម្យ ក្នុងគោលបំណងទាក់ទាញអ្នកមិនមានទម្លាប់អានសៀវភៅ ដែលមានប្រមាណជាង ៩៨% នៃចំនួនប្រជាជនសរុបនៅម៉ាឡេស៊ី។ ភាពជោគជ័យរបស់ Big Bad Wolf អាស្រ័យលើការទាក់ទាញចំណាប់អារម្មណ៍របស់កុមារនៅម៉ាឡេស៊ី ដែលជួយឱ្យពួកគេអាចមើលឃើញនូវពិភពខាងក្រៅដែលពួកគេ មិនធ្លាប់បានដឹង។

លោកស្រីបន្តថា នៅឆ្នាំ២០១៦ គឺជាពេលដែល Big Bad Wolf ចាប់ផ្ដើមឈានជើងចូលទៅកាន់ឆាកអន្តរជាតិ នៅបណ្ដាប្រទេសនានា ដើម្បីរៀបចំពិព័រណ៍ធំបំផុតរបស់ខ្លួន ជាមួយការតាំងលក់សៀវភៅរាប់លានក្បាល។ ចំពោះការលក់បញ្ចុះតម្លៃ ពី ៥០-៩០% តែ Big Bad Wolf នៅតែអាចដំណើរការបាន លោកស្រីបានបញ្ជាក់ថា គាត់បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនក្នុងការជំរុញការអានសៀវភៅសម្រាប់អ្នកជំនាន់ក្រោយ ទៅកាន់អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ ដើម្បីឱ្យពួកគេបានយល់ និងចូលរួមជាមួយពួកគាត់ តាមរយៈការផ្ដល់ជូននូវតម្លៃដ៏សមរម្យមួយ។ ការលក់តម្លៃនេះ អាចឱ្យអតិថិជនចង់ទិញសៀវភៅយកទៅអាន ឬទិញសម្រាប់អ្នកដទៃផងដែរ។

ដោយឡែក លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យរបស់ Big Bad Wolf Sale នៅរាជធានីភ្នំពេញ ឆ្នាំ២០២០ បានប្រាប់ឱ្យដឹងថា៖ “យើងខ្ញុំ មានសេចក្ដីសោមនស្សរីករាយ ក្នុងការរៀបចំពិព័រណ៍សៀវភៅ Big Bad Wolf Book Sale ភ្នំពេញ ឆ្នាំ២០២០ និងការនាំមកនូវព្រឹត្តិការណ៍ពិព័រណ៍សៀវភៅទ្រង់ទ្រាយធំបំផុត មកប្រទេសកម្ពុជា”៕

   

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម