Connect with us

សៀង ចន្ធា ប្ដេជ្ញាខិតខំអភិវឌ្ឍខ្លួន ដើម្បីជាប់ជម្រើស១១នាក់ឈុតធំកម្ពុជា

ភ្នំពេញ៖ កីឡាករ សៀង ចន្ធា បានប្ដេជ្ញានៅក្នុងការអភិវឌ្ឍខ្លួនដើម្បីជាប់នូវជម្រើស១១នាក់ដំបូង របស់ក្លិបបាល់ទាត់បឹងកេត ក៏ដូចជា ប្រជែងយកកៅអី ១១ដំបូង ក្រុមជម្រើសជាតិកម្ពុជាឈុតធំ បន្ទាប់ពីខ្លួន ទើបតែបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានជាផ្លូវការ ស្ដីពីការរំសាយកីឡាករចំនួន ៤នាក់ នៃសាលាកីឡាបាល់ទាត់ជាតិបាទី ឆ្នាំ២០១៩ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងនោះ មានកីឡាករ សៀង ចន្ធា ផងដែរ។ កីឡាករទាំង៤រូប នឹងចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា។

សៀង ចន្ធា បាននិយាយទៅកាន់សាលាបាល់ទាត់ជាតិបាទី ថា ទីនេះ បានផ្ដល់បទពិសោធន៍ជាច្រើនសម្រាប់រូបគេ និងចិញ្ចឹមបីបាច់ថែរក្សាជាច្រើនឆ្នាំ ទាំងការស្នាក់នៅ សិលធម៌ ទាំងការរៀនសូត្រ។ ពិសេស គេថ្លែងអំណរគុណចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានផ្ដល់ឱកាសសម្រាប់រូបគេ ឱ្យបានចូលរួមនៅសាលាបាល់ទាត់ជាតិ បើមិនដូច្នេះទេ រូបគេ ក៏មិនមានថ្ងៃនេះដែរ។

សៀង ចន្ធា បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដែលជាកីឡាករស៊ុតបញ្ចូលទីលឿនបំផុត នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយប្រើថេរវេលាត្រឹមតែ ១៨វិនាទី ក្រោយកញ្ចែរចាប់ផ្ដើមតង់ទីមួយ ក្នុងការប្រកួតទល់នឹងក្រុមមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធស៊ីហ្គេម ដែលកម្ពុជា ចាញ់ដោយបាល់ប៉េណាល់ទី។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករអាយុ ១៧ឆ្នាំរូបនេះ ក៏បានជាប់ក្នុងបញ្ជីកីឡាករឆ្នើមទាំង១១នាក់ ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនផងដែរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម