Connect with us

ត្មាតនាំសំណាង គឺជាប្រធានបទសម្រាប់ការប្រារព្ធកម្មវិធីទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ ឆ្នាំ២០១៨

ភ្នំពេញ ៖ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជានៃក្រសួងបរិស្ថាន សហការជាមួយនឹងរដ្ឋបាលព្រៃឈើ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា (Bird Life) និង អង្គការជីវិតធម្មជាតិនៅកម្ពុជា នឹងរៀបចំកម្មវិធីទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ ២០១៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែកញ្ញា ដើម្បីជាការបញ្ជ្រាបចំណេះដឹងពីតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី និង គោលបំណងផ្សេងៗរបស់សត្វត្មាត ។


ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ ២០១៨ គឺ ក្រោមប្រធានបទ «ត្មាតនាំសំណាង» ចាប់ផ្តើមធ្វើនៅម៉ោង ១១ ព្រឹក ដល់ ៨ និង ៣០ នាទី យប់ នៅផ្សារទំនើបអ៊ីអនទី ១ ។
បើតាមសេចក្តីប្រកាសព័ត៌មាន អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានឲ្យដឹងថា គោលបំណងនៃការរៀបចំទិវានេះ គឺ ទី ១ ចង់ឧទ្ទេសនាមសត្វត្មាតជិតផុតពូជបំផុតទាំង ៣ ប្រភេទ ដែលមាននៅក្នុងប្រទេសកម្ពុជា និង បញ្ជ្រាបចំណេះដឹងអំពីតួនាទីរបស់វានៅក្នុងប្រព័ន្ធអេកូឡូស៊ី, ទី ២ ចង់អប់រំ ផ្សព្វផ្សាយពីការងារអភិរក្សសត្វត្មាត និងគុណតម្លៃត្មាត និង ទី ៣ ដើម្បីផ្សព្វផ្សាយដល់សាធារណជនពីកត្តាគំរាមកំហែង ជាពិសេសពីផលវិបាកនៃការបំពុល និងបរិភោគសត្វព្រៃតែម្តង»។


សេចក្តីប្រកាសព័ត៌មាន ក៏បានលើកឡើងថា ប្រភេទសត្វស្លាបដ៏កម្រ ក៏មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ជាពិសេស នៅក្នុងការសម្អាតបរិស្ថាន។ សត្វត្មាត មិនសម្លាប់សត្វជាអាហារនោះទេ ពួកវាស៊ីសាកសពស្អុយ រលួយដែលងាប់ក្នុងព្រៃ និងក្បែរសហគមន៍ដែលអាចជួយកាត់បន្ថយការរីករាលដាលនៃជំងឺ និងមេរោគ ហើយថែមទាំងជួយបង្កើនជីវភាពសហគមន៍តាមរយៈអេកូទេសចរណ៍ទៀតផង។
សូមបញ្ជាក់ថា សត្វត្មាតក្នុងប្រទេសកម្ពុជាមានចំនួន ៣ ប្រភេទគឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ នេះបើយោងតាមការដាក់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុតនៅលើពិភពលោក ដោយសារចំនួនរបស់ពួកវាមានក្នុងពិភពលោកបានធ្លាក់ចុះយ៉ាងលឿនបំផុត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម