Connect with us

ប្រទេស៥ ប្រតិកម្មនឹងការរៀបចំពានរង្វាន់ Asean Club Championship រឿងបែងចែកកៅអី

អាស៊ាន៖ ថ្មីៗនេះ មានផ្ទុះប្រតិកម្មទៅនឹងការសម្រេចរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ចំពោះការរៀបចំកម្មវិធីប្រកួតពានរង្វាន់ថ្មី ជើងឯកក្លិបបាល់ទាត់អាស៊ាន (Asean Club Championship) ដែលចាប់ផ្ដើមដំណើរការជាផ្លូវការ នារដូវកាលឆ្នាំ២០២០ ខាងមុខនេះ ពាក់ព័ន្ធនឹងការបែងចែកកៅអីសម្រាប់ក្លិបដែលមកពីបណ្ដាលីគបាល់ទាត់កំពូលនៃប្រទេសសមាជិកអាស៊ាន។

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានសម្រេចបង្កើតពានរង្វាន់ Asean Club Championship នេះឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យក្នុងតំបន់ ដែលមានក្លិបបាល់ទាត់ចំនួន ១២ ដែលជាជើងខ្លាំងមកពីលីគកំពូល នៃបណ្ដាប្រទេសសមាជិកអាស៊ាន។

យ៉ាងណាមិញ បើតាមសេចក្ដីសម្រេចចុងក្រោយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កៅអីចំនួន១០ នឹងត្រូវផ្ដល់ជូនដោយស្វ័យប្រវត្តិចំពោះក្លិបមកពីប្រទេសថៃ (២) វៀតណាម (២) ម៉ាឡេស៊ី (២) ឥណ្ឌូណេស៊ី (២) សិង្ហបុរី (១) និង មីយ៉ាន់ម៉ា (១) ។ ដោយឡែក សម្រាប់ក្លិបមកពីលីគប្រទេស កម្ពុជា (២) ហ្វីលីពីន (២) ឡាវ (២) ព្រុយណេ (២) និង ទីម័រខាងកើត (២) នឹងត្រូវប្រកួតវគ្គជម្រុះ Play-offs ប្រជែងដណ្ដើមយកកៅអីចំនួន២ ដែលនៅសល់។

ការសម្រេចនេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមសហគម៍បាល់ទាត់អាស៊ាន ព្រោះមិនសាកសមនឹងឈ្មោះថា ពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ាន ឡើយ ដោយសារតែមិនមានក្លិបតំណាងលីគប្រទេសអាស៊ាននីមួយៗ ចូលរួមឡើយ។

សូមជម្រាបថា ប្រកួតវគ្គជម្រុះ Play-offs នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០តទៅ។ សម្រាប់ជុំផ្ដាច់ព្រ័ត្រ នឹងចាប់ផ្ដើមពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២០។ សម្រាប់ទឹកប្រាក់រង្វាន់ដែលផ្ដល់ជូនក្លិបជើងឯកពានរង្វាន់ Asean Club Championship 2020 សេចក្ដីរាយការណ៍ បានឱ្យដឹងថា មានចំនួនទឹកប្រាក់ ៥០ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម