Connect with us

ស្រ្តីខ្មែរអាមេរិកមួយរូប នឹងចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «អ្នកស្រីឯកពិភពលោក» ក្នុងឆ្នាំ២០២១ ខាងមុខ

ភ្នំពេញ៖ អ្នកស្រី ជែកកាលីន បាហ្គាវ៉ាន់ (Jacqueline Bhagavan) ជាជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក បានស្នើសុំការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអនុញ្ញាតិឱ្យអ្នកស្រី អាចចូលរួមជាតំណាងប្រទេសកម្ពុជានៅក្នុងកម្មវិធីប្រកួតប្រជែង «អ្នកស្រីឯកពិភពលោក» (Mrs. World) ក្នុងឆ្នាំ២០២១ ខាងមុខ។

ការស្នើសុំនេះ ធ្វើឡើងក្នុងឱកាសជំនួបពិភាក្សាការងាររវាងលោកជំទាវ រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ជាមួយអ្នកស្រី ជែកកាលីន បាហ្គាវ៉ាន់ (Jacqueline Bhagavan) ជាជនជាតិខ្មែរ សញ្ជាតិអាមេរិក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

តាមការឱ្យដឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ជែកកាលីន បាហ្គាវ៉ាន់ (Jacqueline Bhagavan) គឺជាស្រ្តីមួយរូប ដែលបានឈ្នះការប្រកួតក្នុងកម្មវិធី «អ្នកស្រីឯកនៃរដ្ឋកាលីហ្វរញ៉ា- អាមេរិក» (Mrs. California America)។

លោកជំទាវរដ្ឋមន្ត្រី បញ្ជាក់ថា ក្រសួងរីករាយចង់ឱ្យមានតំណាងប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួតប្រជែងក្នុងឆ្នាំ២០២១ នេះ ដោយសារមិនដែលធ្លាប់មានបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធីនេះនាពេលកន្លងមក។

ជាមួយគ្នានោះ ក្រសួងក៏ត្រូវការពិនិត្យលើលទ្ធភាព និងសមត្ថកិច្ចរបស់ក្រសួងដែរ បូករួមនឹងការសិក្សាលើលក្ខន្តិកៈនៃកម្មវិធីប្រកួតប្រជែងនេះជាមុនសិន មុននឹងធ្វើការឆ្លើយតបជាផ្លូវការនាពេលក្រោយ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម