Connect with us

សម្ដេចហ៊ុន សែន ថ្លែងថា ប្រាក់ឈ្នួលកម្មករឡើង៨ដុល្លារទេ ដូច្នេះម្ចាស់ផ្ទះជួល កុំឡើងថ្លៃដល់១០ដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ទៅដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ-បន្ទប់ ឱ្យលើសពីអ្វី ដែលកម្មករ-កម្មការិនីទទួលបានពីការដំឡើងប្រាក់ឈ្នួលប្រចាំខែ ដែលកម្មករ-កម្មការិនី នឹងត្រូវដំឡើងបានត្រឹមតែ ៨ដុល្លារប៉ុណ្ណោះ ចាប់ពីដើមឆ្នាំ២០២០។

ការអំពាវនាវរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតបញ្ចប់ការសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ ២៧៩០នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។

សម្ដេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន ធ្វើការជាមួយម្ចាស់ផ្ទះជួល ដើម្បីទប់ស្កាត់ការដំឡើងថ្លៃបន្ទប់ ដើម្បីធានាឱ្យបាននូវអត្ថប្រយោជន៍នៃការដំឡើងប្រាក់ឈ្នួលកម្មកររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមជម្រាបថា ម្ចាស់បន្ទប់ជួល បានប្រកាសថា នឹងដំឡើងថ្លៃបន្ទប់ជួល ១០ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២០ តទៅ ដែលបានធ្វើឱ្យកម្មករកំពុងព្រួយបារម្ភថា ពួកគេមិនទទួលបានអត្ថប្រយោជន៍អ្វីទាល់តែសោះ ពីការដំឡើងប្រាក់ឈ្នួល ៨ដុល្លារ តែផ្ទុយទៅវិញ ម្ចាស់ផ្ទះជួលទៅវិញទេ ជាអ្នកទទួលបានអត្ថប្រយោជន៍ពីការដំឡើងប្រាក់ឈ្មួលនេះ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម