Connect with us

រ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប វិនិយោគ ២ ពាន់លានយ័ន សាងសង់រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់ នៅលើកោះរ៉ុង

ព្រះសីហនុ៖​ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប វិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានយ័ន ដើម្បីសាងសង់ «រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់» នៅលើកោះរ៉ុង នៃខេត្តព្រះសីហនុ ដែលជាការអភិវឌ្ឍមានឥទ្ធិពលមួយ ក្នុងទីផ្សារទេសចរណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

គម្រោងនេះ បានប្រកាសឱ្យដឹង នៅយប់ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក្នុងកម្មវិធីជួបជុំដៃគូវិនិយោគចិន ដើម្បីអភិវឌ្ឍន៍គម្រោងកោះរ៉ុង​ ដែលបានរៀបចំឡើងក្រោមវត្តមានលោក​ គួច​ ចំរើន​ អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងមានការចូលរួមពីវិនិយោគិន​ចិន​ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។

បើតាមការបញ្ជាក់របស់លោក Zhou Shuagngli ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប(Royal Galaxy Group) បានឱ្យដឹងថា កោះរ៉ុង គឺជាកោះដែលមានឆ្នេរខ្សាច់ស្រស់ស្អាតចែងចាំងនិងទឹកសមុទ្រ ដែលមានផ្កាថ្មចម្រុះពណ៌ ដែលវាត្រូវបានចាត់ចំណាត់ថ្នាក់ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតបំផុតទាំង ១០ នៅលើពិភពលោកដោយទស្សនាវដ្តីភូមិសាស្ត្រអាមេរិកាំង។

លោក បានឱ្យដឹងទៀតថា តាមរយៈគម្រោងវិនិយោគដែលបានប្រកាសនេះ នឹងមានការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥, មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ, កន្លែងកម្សាន្ត និងការកម្សាន្តបែបក្នុងទឹក និងកម្សាន្តបែបចិន និងលោកខាងលិច, ក្លិបកម្សាន្តទូក, ក្លិបសមុទ្រ, ហាងលក់ទំនិញរួចពន្ធ(Duty Free) និងផ្សារទំនើបធំៗ ជាពិសេស ផ្ទះវីឡាទេសភាពសមុទ្រជាង ៦០០ខ្នង ដែលអាចផ្ទុកមនុស្សបាន ៣.០០០នាក់ នៅលើកោះក្នុងពេលតែមួយ។

ថ្លែងក្នុងពិធីនោះដែរ លោក Cheng Kewei ប្រធានសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន បានមានប្រសាសន៍ថា មិត្តភាពចិន និងកម្ពុជា មានមិត្តភាពយូរលង់ណាស់មកហើយ មិនថាមានអ្វីកើតឡើងនៅលើពិភពលោកទេ កម្ពុជាតែងតែជាមិត្តល្អ និងជាបងប្អូនរបស់ប្រជាជនចិន។ ដោយឈរលើគោលនយោបាយរបស់លោកប្រធានាធិបតី Xi Jinping និងសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសចិន និងប្រទេសកម្ពុជា បង្កើត និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងវិស័យជាច្រើន ជាពិសេស វត្តមាននៃអ្នកវិនិយោគចិននៅខេត្តព្រះសីហនុ ដែលជាទីកន្លែងមួយដ៏គួរឱ្យទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានមានប្រសាសន៍ ឱ្យដឹងថា ក្រុមហ៊ុននេះ បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍកោះរ៉ុងទាំង​មូល ឱ្យក្លាយទៅជាលំដាប់តំបន់ទេសចរណ៍ពាណិជ្ជកម្មធម្មជាតិលំដាប់ពិភពលោក។ ដោយទទួលបានសិទ្ធិប្រទានពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី កិច្ចព្រមព្រៀងសម្បទានកោះរ៉ុង ត្រូវបានចុះលេខាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ រវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ផែនការមេអភិវឌ្ឍន៍កោះរ៉ុង បានទទួលការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៨ ដោយបានប្រគល់ទីតាំងកោះរ៉ុងជាផ្លូវការឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍនៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០០៨។  យោងតាមអនុក្រឹត្យលេខ ១១៤ អនក្របកចុះថ្ងៃទី២៩ ខែសីហាឆ្នាំ ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនបានធ្វើការចុះបញ្ជីដីធ្លី និងបានទទួលវិញ្ញាបនបត្រជួលរយៈពេលវែងចំនួន ៣០ ប័ណ្ណ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ជាប័ណ្ណរឹង សម្រាប់ធ្វើការអភិវឌ្ឍ តាមផែនការមេដែលបានទទួលការអនុម័តរួចហើយ។

អ្នកឧកញ៉ា​ គិត ម៉េង បានបញ្ជាក់ទៀតថា ក្រុមហ៊ុន បានសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំ គឺសណ្ឋាគារ The Royal Sand Koh Rong ជាប្រភេទផ្ទះវីឡា មានអាងហែលទឹកចំនួន៦៧ខ្នង មានជាង ១០០បន្ទប់ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសាងសង់អស់រយៈពេលជាង៣ឆ្នាំ បើគិតចាប់តាំងពីការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អ្នកឧកញ៉ាគិត ម៉េង មានប្រសាសន៍បន្តថា នៅក្នុងដំណាក់ការនៃការអភិវឌ្ឍជាបន្តបន្ទាប់ទៀតនេះ ក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារ និងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀត ដើម្បីអភិវឌ្ឍន៍កោះរ៉ុងនេះ ឱ្យប្រែក្លាយជាកោះប្រវត្តិសាស្ត្រ ជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកជំនួញមួយរូប សូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ខ្សែក្រវាត់ និងផ្លូវ ដែលបានផ្ដួចផ្ដើមឡើងដោយនៅប្រធានាធិបតី ស៊ី ជីងពីង និងដោយសារភាពមានទំនាក់ទំនងដ៏ល្អរវាងចិន និងកម្ពុជា កោះរ៉ុង គឺជាកន្លែងដែលមានសក្តានុពលសេដ្ឋកិច្ចដ៏ត្រឹមត្រូវសម្រាប់មកវិនិយោគ។ អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ក្នុងពេលកន្លងមកភ្ញៀវទេសចរបរទេស ដែលបានមកលេងទីក្រុងភ្នំពេញ និងខេត្តសៀមរាប សម្រាប់វិស្សមកាលរបស់គេ គឺត្រូវទៅលេងកម្សាន្តឆ្នេរសមុទ្រនៅប្រទេសវៀតណាម ឬប្រទេសថៃ។ ប៉ុន្តែនៅពេលនេះ ពួកគេអាចមកលេងកម្សាន្តឆ្នេរខ្សាច់នៅសណ្ឋាគារផ្កាយ ៥ ដែលមានស្រាប់នៅលើកោះរ៉ុង ក៏ដូចតំបន់វិសម្សកាលប្រណិត មានឈ្មោះថា រមណីយដ្ឋាន សណ្ឋាគារ និងកាស៊ីណូ Koh Rong Royal Silver Amusment Resorts and Casino ដែលបច្ចុប្បន្ននេះ កំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនរ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅលើកោះរ៉ុង ដោយនាំមកនូវផលចំណេញកាន់តែច្រើនដល់ប្រទេសកម្ពុជា តាមរយៈការបង្កើតការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុន បានទទួលច្បាប់អនុញ្ញាត និងកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិ កាស៊ីណូ និងសណ្ឋាគារព្រមទាំងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ មានអនុភាព 3MW នៅលើកោះរ៉ុងផងដែរ។

ថ្លែងក្នុងពិធីនោះដែរ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអះអាងថា ក្នុងនាមរដ្ឋបាលខេត្ត លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មកធ្វើការបណ្តាក់ទុនវិនិយោគ ឬបានកំពុងសិក្សាអំពីផែនការវិនិយោគនានានៅខេត្តព្រះសីហនុ ជាពិសេសសូមស្វាគមន៍ និងគាំទ្រដល់គម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) និង ក្រុមហ៊ុន Royal Galaxy Group នៅលើកោះរ៉ុង។

លោក គួច ចំរើន មានប្រសាសន៍ថា « ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនជាតិ-អន្តរជាតិ ដែលបាន បណ្តាក់ទុនវិនិយោគ នៅខេត្តព្រះសីហនុ និងសូមឱ្យមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​​ សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា»។

សូមជម្រាបថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរ នៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ៕

        

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម