Connect with us

ដឹងទេ នៅទីណាដែលមានការដាំដុះថ្នាំជក់ច្រើនជាងគេ ក្នុងប្រទេសកម្ពុជា ហើយទីផ្សារសំខាន់ នៅទីណា?

កំពង់ចាម ៖ ខេត្តកំពង់ចាម គឺនៅតែជាកន្លែងដែលមានការដាំដុះថ្នាំជក់ច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា ។ ក្រៅពីការនាំចេញ ដំណាំថ្នាំជក់ ត្រូវបានផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផលិតថ្នាំជក់ អង់គ្លេស អាមេរិក (BAT) ដែលមានមូលដ្ឋាននៅកម្ពុជា ស្ថិតក្រោមប្រព័ន្ធ «ការធ្វើកសិកម្មតាមកិច្ចសន្យា» ។


លោក គីម សាវឿន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក បានអោយដឹងថា ខេត្តនេះ មានផ្ទៃដីដាំដុះថ្នាំជក់សរុប ចន្លោះពី ១ ៦០០ ហិកតា ទៅ ១ ៨០០ ហិកតា ។
បើតាមតួរលេខនេះ ទំហំផ្ទៃដីដាំដុះដំណាំថ្នាំជក់ មិនមានការផ្លាស់ប្តូរច្រើននោះទេ ពោល គឺកសិករ ផលិតថ្នាំជក់ សម្រាប់ឲ្យក្រុមហ៊ុនបារី ហើយទិន្នផលនៅសេសសល់ ត្រូវបានលក់ឲ្យទៅប្រទេសវៀតណាម ។


សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងកសិកម្ម បានអោយដឹងថា កម្ពុជា បានផលិតថ្នាំជក់ ៩ ០៨៩ តោនកាលពីរដូវប្រមូលផលឆ្នាំ២០១៧ កើនឡើង ៣៧ ភាគរយ ធៀបនឹងរដូវប្រមូលផលឆ្នាំ ២០១៦ ហើយតំបន់ដាំដុះ ក៏កើនឡើងដល់ ៦ ៨៥៩ ហិកតាផងដែរ ដែលកើនឡើង១៩ភាគរយធៀប នឹងឆ្នាំ ២០១៦។


ដោយឡែក បើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានអោយដឹងថា កម្ពុជាបាននាំចេញសន្លឹកថ្នាំស្ងួតជាង ១ ០០០ តោនទៅវៀតណាមកាលពីឆ្នាំ ២០១៧ ដែលមានតម្លៃជាង ២ លានដុល្លារ កើនឡើង ២៤ ភាគរយ។ កម្ពុជា និងវៀតណាម បានយល់ព្រមក្នុងការផ្ដល់ការអនុគ្រោះពន្ធលើផលិតផលកសិកម្ម ចូលក្នុងប្រទេសទាំង២ទៅវិញទៅមក ដោយមិនគិតពន្ធកាលពីឆ្នាំ ២០១៦ ។


ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ វៀតណាម បានអនុញ្ញាតឲ្យ កម្ពុជា នាំចេញស្លឹកថ្នាំជក់ដោយរួចពន្ធ ៣ ០០០ តោនក្នុង ១ ឆ្នាំ ទៅវៀតណាមចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧។ ប៉ុន្តែគេនៅមិន ទាន់ដឹងច្បាស់ទេថា តើកិច្ចព្រមព្រៀងនេះ នឹងនៅបន្តទៀត សម្រាប់ឆ្នាំ២០១៨នេះ ឬក៏យ៉ាងណានោះទេ ៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម