ទីក្រុងណាននីង ប្រទេសចិន គឺជាដំណើរទស្សនៈកិច្ចការងារក្រៅប្រទេសដំបូងគេរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងអាណត្តិទី៦
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។
តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនាថ្ងៃទី០៧ ខែកញ្ញានេះ បានអោយដឹងថា សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងត្រូវអមដំណើរដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងឥស្សរជនរាជរដ្ឋាភិបាលដទៃទៀត និង ធុរជនពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រារព្ធឡើងក្រោមមូលបទ «រួមគ្នា កសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នាជាច្រើនពីអាស៊ាន និងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះនៅពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។ ក្នុងនាមកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។
អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្ដី នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិន ព្រមទាំងផ្តល់បទសម្ភាសដល់សារព័ត៌មានចិនផងដែរ។
គួរកត់សម្គាល់ថា ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឱ្យបាននូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់ ១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង ១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២០ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍