Connect with us

រឿងមួយចំនួនម៉ាក់ៗធ្វើខុស ពេលច្របាច់ទឹកដោះទុកឱ្យកូនបៅ

បើតាមការឱ្យដឹងរបស់លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បានបញ្ជាក់ថា ម៉ាក់ៗដែលមានទម្លាប់ច្របាច់ទឹកដោះទុកឲ្យកូនបៅ ច្រើនតែធ្វើខុស ដោយដាក់ទឹកដោះដែលច្របាច់បាននោះ ទៅក្នុងដបទឹកដោះគោសម្រាប់ទុកឲ្យកូនបៅនាពេលក្រោយពេលខ្លួនមិននៅ។
លោកថា ទម្លាប់បែបនេះនាំឲ្យកូនមិនចង់បៅដោះយើងវិញ ព្រោះក្បាលដោះមនុស្សមិនវែង ហើយមិនងាយបៅបានដូចនៅក្បាលដោះជ័រឡើយ។ មួយវិញទម្លាប់ឲ្យកូនបៅរបស់ជ័រ ក៏មិនសូវជាល្អចំពោះសុខភាពកូនដែរ។ សម្រាប់ចម្ងល់ដែលសួរថា បើមិនឱ្យដាក់ទឹកដោះដែលច្របាច់រួចនោះក្នុងដបទឹកដោះគោ តើត្រូវដាក់ក្នុងអ្វីវិញ?
អនុប្រធានអង្គការ Helen Keller International បានឲ្យបន្ថែមទៀតថា ដើម្បីកុំឱ្យកូននៅតែចង់បៅដោះយើង មុនពេលទៅធ្វើការ ឬលក់ដូរនៅផ្សារ ម៉ាក់ៗអាចច្របាច់ដាក់កែវ ហើយពេលកូនឃ្លានអ្នកមើលថែអាចយកស្លាបព្រាមកដួសបញ្ចុករហូតដល់ឆ្អែត។ លោកបន្ថែមទៀតថា ការច្របាច់ទឹកដោះទុកឥឡូវមានបច្ចេកទេសទំនើបដោយមានម៉ាស៊ីនមកជំនួសការច្របាច់ដោយដៃ ហើយមានថែមថង់សម្រាប់ផ្ទុកទៀត តែយើងមិនប្រើក៏បាន ដោយយកកែវ ឬចានធម្មតា លាងសម្អាតឱ្យស្អាត និងស្ងួតល្អ យកទៅដាក់ទឹកដោះជំនួសវិញ។
ចំណែកការថែរក្សាទឹកដោះដែលច្របាច់រួច ក៏អាចរក្សាទុកបានយូរទៀតផងចន្លោះ ៤-៦ ម៉ោងបើដាក់នៅខាងក្រៅធម្មតា ហើយបើទុកក្នុងទូទឹកកកចាប់ពី ១០-១២ ម៉ោងឯណោះ៕

ប្រភព៖ Hellokrupet

    Loading...

    ពេញនិយម