Connect with us

ឪពុកដែលជូនកូនទៅរៀនដោយថ្មើរជើងលើចម្ងាយផ្លូវ១២គ.មរាល់ថ្ងៃ ទទួលកាដូកិត្តិយសមួយ

អាហ្វហ្គានីស្ថាន៖ សាលារៀនមួយ ដែលនឹងត្រូវសាងសង់នៅភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថាន នឹងប្រើប្រាស់ឈ្មោះរបស់បុរសម្នាក់ ដែលត្រូវជាឪពុកដែលបានបណ្ដើរកូនស្រីទៅសាលារៀន និងត្រឡប់មកវិញ ដោយថ្មើរជើង ជារៀងរាល់ថ្ងៃ ក្នុងចម្ងាយផ្លូវ ១២គីឡូម៉ែត្រពីផ្ទះរបស់ពួកគេ។ នេះជាការប្រកាសរបស់ក្រសួងអប់រំអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះ។

លោក Mia Khan ដែលជាឪពុកកូនស្រីនោះ មានអាយុ ៦៣ឆ្នាំ រស់នៅខេត្ត Paktika បានល្បីល្បាញនៅលើបណ្ដាញសង្គម បន្ទាប់ពីគាត់ បានជូនកូនទៅរៀនក្នុងចម្ងាយផ្លូវ ១២គ.ម រាល់ថ្ងៃ ដើម្បីជួយឱ្យកូនសម្រេចបំណងប្រាថ្នាក្ដីស្រមៃក្លាយជាវេជ្ជបណ្ឌិត។

លោក Khan ត្រូវបានរដ្ឋមន្ត្រីអប់រំអាហ្វហ្គានីស្ថាន អញ្ជើញឱ្យចូលជួប ដើម្បីពិភាក្សាពីជីវភាពប្រចាំថ្ងៃ និងរឿងដ៏ល្បីដែលត្រូវបានចែកចាញនៅលើបណ្ដាញសង្គម។ លោកត្រូវបានចាត់ទុកជាវីរបុរសនៃផ្នែកអប់រំ ដែលរស់នៅទីដាច់ស្រយាល។

បុរសជាឪពុក បានរៀបរាប់ថា គាត់តែងតែចាំកូនស្រី នៅមុខសាលារៀន ដើម្បីដើរត្រឡប់ទៅផ្ទះជាមួយគ្នា។ ជាមួយគ្នានេះ គាត់បង្ហើបថា គាត់មានជំងឺបេះដូងប្រចាំកាយ។

សូមជម្រាបថា ក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រស់នៅក្នុងគំនាប ដោយពុំសូវទទួលបានការអប់រំនោះទេ។ របាយការណ៍ UN បានឱ្យដឹងថា ក្នុងចំណោមកុមារ ៣,៧លាននាក់ដែលមិនបានចូលរៀន មាន ៦០% ជាកុមារី៕

ប្រភព៖ SCMP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម