Connect with us

បន្ទាប់ពីក្រសួង អនុញ្ញាតឱ្យមានកែឆែកឈ្មោះដាក់ស្លាកលេខពិសេស Online មក នៅបណ្តាញសង្គមមានការរកនឹកដាក់ឈ្មោះប្លែកៗ

ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបង្ហោះរូបភាពស្លាកលេខ ដែលដាក់ឈ្មោះប្លែកៗ បន្ទាប់ពីក្រសួង បើកលក់ស្លាកលេខរថយន្តពិសេស កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។

ផ្លាកលេខរថយន្តពិសេស ដែលអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ដែលអាចកាន់កាប់អស់មួយជីវិត ឬតកូនតចៅនោះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបើកបើកសម្ពោធលក់ជាផ្លូវការហើយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។ ផ្លាកលេខពិសេសនេះ មានតម្លៃចន្លោះពី ២លានរៀល រហូតដល់ ១ពាន់លានរៀល។

សូមបញ្ជាក់ថា ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ ដែលមានលេខ ឬអក្សរឡាតាំង ចាប់ពី១ ដល់ ៨ខ្ទង់ មាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្ដីពីរថយន្តនោះ។ ស្លាកលេខរថយន្តពិសេសនេះ អាចទិញបានតាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh ដែលមានជម្រើរហូតដល់ទៅ ៣,៥ទ្រីលាន។

ចំពោះ រាល់ការទិញផ្លាកលេខពិសេសនេះ អនុញ្ញាតត្រឹមរយៈពេល៩០ថ្ងៃ ដើម្បីយករថយន្តមកចាប់ស្លាកលេខ ប្រសិនបើលើសពី៩០ថ្ងៃ ផ្លាកលេខនេះនឹងចូលទៅក្នុងប្រព័ន្ធវិញ ចាត់ចូលជារបស់រដ្ឋ ពោលគឺមិនអនុញាតឱ្យបុគ្គលទិញទុក ឬយកទៅលក់តយកចំណេញបានឡើយ។

ក្រៅពីការជ្រើសរើស និងកំណត់ឈ្មោះតាមការចង់បានហើយនោះ ផ្លាកលេខពិសេសនេះ អាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញនៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់ទាំងរថយន្តក៏បាន។ ប៉ុន្តែបើលក់រថយន្តចាស់ចេញទៅហើយ គឺត្រូវយករថយន្តថ្មីទៅកិបលេខនោះផងដែរ បើមិនយករថយន្តថ្មីទៅកិបលេខក្នុងរយៈពេល៣ខែ ផ្លាកលេខរថយន្តនឹងធ្លាក់ចូលទៅក្នុងប្រព័ន្ធដាក់លក់វិញ។

ផ្លាកលេខពិសេសនេះ មិនអនុញ្ញាតឱ្យដាក់ពាក្យពេជចមួយចំនួនដូចជា ពាក្យអាសអាភាសន៍ ឈ្មោះប្រាសាទ ឈ្មោះថ្នាក់ដឹកនាំ និងស្ថាប័នធំៗដែលគេស្គាល់ច្រើន ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បានទេ។ ចំពោះប្រជាពលរដ្ឋ ដែលប្រើប្រាស់រថយន្តមានផ្លាកលេខធម្មតាហើយ អាចប្តូរទៅប្រើផ្លាកលេខពិសេសនេះបានផងដែរ ប្រសិនបើពួកគេចង់ប្តូរ។

សូមបញាក់ថា ការដាក់លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ដើម្បីបំពេញតម្រូវការបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋដែលចង់ប្រើប្រាស់ផ្លាកពិសេសផ្ទាល់ខ្លួន ដូចជាចង់ដាក់ឈ្មោះ ឬលេខពិសេសដែលខ្លួនពេញចិត្ត។ ការរៀបចំឱ្យមានផ្លាកលេខរថយន្តពិសេស ដើម្បីចូលរួមរកចំណូលពីការលក់ផ្លាកលេខជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ និងពង្រឹងដល់ការគ្រប់គ្រងយានយន្តនៅកម្ពុជា៕

អត្ថបទ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម