Connect with us

កុំភ្លេចចូលរួមជួយគាំទ្រដល់ផលិតផលខ្មែរ ក្នុងឪកាសពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ក្រសួងនឹងការរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ “យុទ្ធនាការទិញផលិតផលខ្មែរ” ក្នុងឱកាសបុណ្យសមុទ្រឆ្នាំ២០១៨ នៅខេត្តកោះកុង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា យុទ្ធនាការទិញផលិតផលខ្មែរ នេះ រៀបចំឡើង ក្នុងយុទ្ធសាស្រ្តជួយជំរុញនិងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានការទទួលស្គាល់និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ក្រសួងពាណិជ្ជកម្ម បន្តថា ការរៀបចំពិព័រណ៍នេះ ក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតីមហាជនទូទៅ ឱ្យងាកមកគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្បបានច្រើនជាអតិបរិមា។

តាមរយៈពិព័រណ៍ ក្រសួងពាណិជ្ជកម្មនឹងប្រមូលកៀងគរផលិតផលខ្មែរមានគុណភាពខ្ពស់ មានសុវត្ថិភាពសម្រាប់ប្រើប្រាស់ មានការវេចខ្ចប់បានល្អត្រឹមត្រូវ អនុលោមតាមស្តង់ដារផលិតកម្មពីគ្រប់ទីសទីនៅទូទាំងប្រទេស មកដាក់តាំងបង្ហាញនិងស្វែងរកដៃគូយកទៅលក់បន្ត។

ជាមួយគ្នានេះក្រសួងពាណិជ្ជកម្មបានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុននិងសិប្បកម្មនានាដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តការណ៍នេះ សូមប្រញាប់រួសរាន់ដាក់ពាក្យចូលរួម ព្រោះចំនួនស្តង់មានកំណត់ ហើយក៏អំពាវនាវឱ្យសាធារណៈជនចូលរួមទស្សនានិងគាំទ្រព្រឹត្តិការណ៏ពិព័រណ៍ផលិតផលខ្មែរ ក៏ដូចជា អញ្ញើញមកកម្សាន្តក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០១៨ ក្នុងខេត្តកោះកុងឱ្យបានច្រើនកុះករ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បានប្រកាសថា ខេត្តកោះកុងនឹងទទួលរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះពិធីជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី១៥ខែធ្នូ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។

គួររំលឹកថា ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ កាលពីឆ្នាំ២០១៧ បានរៀបចំឡើងនៅខេត្ត កែប ។ ពិធីបុណ្យសមុទ្រត្រូវបានប្រារព្ធធ្វើដោយខេត្តនៅជាប់មាត់សមុទ្រទាំងអស់របស់កម្ពុជាផ្លាស់វេនគ្នាទទួលរៀបចំ ចាប់តាំងពីឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្របំផុតលើពិភពលោក ហើយកម្ពុជាបានរៀបចំពិធីបុណ្យសមុទ្រលើកទី១ កាលពីឆ្នាំ២០១១ នៅខេត្តព្រះសីហនុ។

សូមជំរាបថា ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ ដែលខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្រ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ ដោយប្រសិទ្ធនាមថា «តារារះនាទិសនិរតី»៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម