Connect with us

ក្រុមហ៊ុនអាកាសចរណ៍ធំៗ ផ្អាកហោះហើរលើដែនអាកាសអ៊ីរ៉ង់-អ៊ីរ៉ាក់ ព្រោះខ្លាចគ្រាប់មីស៊ីល

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៅលើពិភពលោក បានប្រកាសនៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០នេះថា ពួកគេបានផ្លាស់ប្ដូរជើងហោះហើរជាច្រើន ដែលឆ្លងកាត់ដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ បន្ទាប់ពីអ៊ីរ៉ង់ បាញ់គ្រាប់មីស៊ីលបំផ្ទុះទីតាំងមូលដ្ឋានទ័ពអាមេរិក ដែលឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ នាព្រឹកថ្ងៃពុធនេះ។

ដោយសារការព្រួយបារម្ភចំពោះសុវត្ថិភាពអ្នកដំណើរ អាកាសចរណ៍សិង្ហបុរី បានផ្លាស់ប្ដូរជើងហោះហើរ ដែលឆ្លងកាត់ដែនអាកាសរបស់អ៊ីរ៉ង់ ខណៈអាកាសចរណ៍ម៉ាឡេស៊ី បានជៀសវាងដែនអាកាសរបស់អ៊ីរ៉ាក់។ អាកាសចរណ៍ចិន ក៏ប្រកាសផ្អាកជើងហោះហើរឆ្លងកាត់ប្រទេសទាំងពីរផងដែរ។ ក្រៅពីនេះ មានអាកាសចរណ៍ Qantas Airways របស់អូស្ត្រាលី, អាកាសចរណ៍ Emirates របស់អារ៉ាប់រួម, អាកាសចរណ៍កាតា, អាកាសចរណ៍កូរ៉េ និងអាកាសចរណ៍ថៃ សុទ្ធតែបានផ្អាកជើងហោះហើររបស់ខ្លួន។

អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានចេញវិធានការការពារ ដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍នានា អនុវត្ត ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ បង្កឡើងនៅដែនអាកាសអ៊ីរ៉ង់ និងអ៊ីរ៉ាក់៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម