Connect with us

ពិព័រណ៍សៀវភៅ ១លានក្បាល នៅថ្ងៃទី១ទាក់ទាញមនុស្សជាច្រើនកុះករ

ភ្នំពេញ៖ ពិព័រណ៍សៀវភៅ “Big Bad Wolf Book Sale” ដែលមានដើមកំណើត នៅប្រទេសម៉ាឡេស៊ី បានបើកសម្ពោធជាផ្លូវការ នៅក្នុងផ្សាររុងរឿង ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។ ពិព័រណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ ២០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១២ យប់កណ្ដាលអាធ្រាត្រ។

នៅថ្ងៃទីមួយនេះ សិស្សនិស្សិត និងសាធារណជនជាច្រើនកុះករ បាននាំគ្នាទៅមើល និងទិញ សៀវភៅពីព័រណ៍ ដែលមានការបញ្ចុះតម្លៃពី ៥០-៩០% ហើយសៀវភៅចំនួន ១លានក្បាល ត្រូវបានដាក់តាំងបង្ហាញសម្រាប់ឱ្យជ្រើសរើស តាមចំណង់ចំណូលចិត្ត និងមានភាពងាយស្រួល។ សៀវភៅដែលដាក់តាំងបង្ហាញ មានច្រើនប្រភេទ ដូចជា៖ សៀវភៅសម្រាប់កុមារ រឿងប្រឌិត រឿងពិត ប្រលោមលោក រឿងប្រឌិតបែបវិទ្យាសាស្ត្រ មនោសញ្ចេតនា សៀវភៅអភិវឌ្ឍខ្លួន អក្សរសាស្ត្រ ប្រលោមលោកក្រាហ្វិក អាជីវកម្ម ស្ថាបត្យកម្មនិងរចនា សៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត។

ក្នុងឱកាសបើកសម្ពោធពិព័រណ៍សៀវភៅ “Big Bad Wolf Book Sale” នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកពីសារសំខាន់នៃការអានសៀវភៅ ព្រោះវាជួយឱ្យយើងបានអានផង គិតផង និងស្រមៃជារូបភាពផងក្នុងពេលតែមួយ ដែលវាជាការប្រសើរជាងការមើលស្មាតហ្វូនដែលគ្រាន់តែផ្ដល់ជារូបភាពសម្រាប់អ្នកមើលតែប៉ុណ្ណោះ។

ក្នុងឱកាសបើកសម្ពោធពិព័រណ៍សៀវភៅ “Big Bad Wolf Book Sale” នេះដែរ លោក Andrew Yap ស្ថាបនិកពិព័រណ៍សៀវភៅ “Big Bad Wolf Book Sale” បានមានប្រសាសន៍ថា នេះជាពិព័រណ៍ធំបំផុតនៅលើពិភពលោក ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា និងធ្លាប់រៀបចំនៅប្រទេសចំនួន១០ និងទីក្រុងចំនួន ៣២រួចមកហើយ។ ពិព័រណ៍នេះ មានគោលដៅដើម្បីជំរុញឱ្យប្រជាជន មានទម្លាប់អានឱ្យបានច្រើន ខណៈសៀវភៅ ត្រូវបានលក់បញ្ចុះតម្លៃ ៥០-៩០% ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ការទិញរបស់សិស្សនិស្សិត និងសាធារណជន៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម