Connect with us

ក្រសួងសុខាភិបាល និង មន្ទីរពេទ្យគន្ធបុប្ផា នឹងរៀបចំពិធីដាច់ដោយឡែកពីគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត Beat Richner

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹងមរណៈភាពរបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផារួចមក ក្រសួង សុខាភិបាល និង មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ថា នឹងរៀបចំពិធីតាមប្រពៃណីសាសនា ដើម្បី គោរពដល់វិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត Beat Richner ។ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានអោយដឹងថា ក្រសួងសុខាភិ បាល កំពុងគិតគូររៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោក វេជ្ជបណ្ឌិត Beat Richner ដើម្បី សម្តែងនូវការគោរពដល់គាត់ ដែលពិធិគោរពវិញ្ញាណក្ខន្ធសពរបស់គាត់នេះ នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា វេលាម៉ោង៣រសៀល ។


ដោយឡែក នៅថ្ងៃនេះដែរ នាមន្ទីរពេទ្យគន្ធបុប្ផា ក៏មានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធតាមបែបប្រពៃណីសាសនា នៅបណ្ណាល័យ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាផង នេះបើតាមការបញ្ជាក់ពីលោក Denis Laurent ដែលជាអនុប្រធានមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ។
សូមបញ្ជាក់ថា បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា ។


មរណភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននិងកំពុងនាំឲ្យប្រជាពលរដ្ឋខ្មែរ នឹកស្តាយស្រណោះអាឡោះ អាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកចំពោះកុមារកម្ពុជា ផងដែរ ។
នៅថ្ងៃម្សិលម៉ិញនេះផងដែរ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការណ៍ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គ ក៏បានសម្តែងនូវព្រះរាជហឬទ័យដ៏ក្រៀមក្រំ និងបានសម្តែងព្រះរាជហឬទ័យ ចូលរួមរំលែក មរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយប្រជានុរាស្ត្រកម្ពុជាទាំងអស់ ។ ព្រះអង្គ ក៏បានបួងសួងសូមដួងវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត Beat Richner បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

គួររំលឹកថា លោកវេជ្ជបណ្ឌិត Beat Richner បានវិលត្រលប់មកកម្ពុជាជាលើកទី២ នៅឆ្នាំ១១៩១ និង បានសុំអោយរដ្ឋាភិបាលសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ បន្ទាប់ពីមន្ទីរពេទ្យមួយនេះ រងការបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម ។ តែគួរអោយស្តាយ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ឬ ហៅថា មន្ទីរពេទ្យទេវតា បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ ដោយសារតែលោក បានធ្លាក់ខ្លួនឈឺ និង បានប្រគល់តំណែងអោយទៅលោកវេជ្ជបណ្ឌិត Peter Studer ។


មកទល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផា មានអាយុកាល២៥ឆ្នាំហើយ និង បានជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជា រាប់លាននាក់ ដោយមិនយកប្រាក់កម្រៃ ។ បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិកដែលកំពុងបម្រើការងារនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប សរុប ២ ៥០០ នាក់ ។
ពលរដ្ឋកម្ពុជា ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោកស្ថាបនិកគន្ធបុប្ផា ដែលស្ទើរតែមួយជីវិត បានជួយដល់កុមារកម្ពុជា ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម