Connect with us

ហេតុផលម៉ាក់ៗមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក

ភ្នំពេញ៖ មនុស្សភាគច្រើនតែងតែផឹកទឹកកករាល់ថ្ងៃ មិនថាខែក្ដៅ ឬខែត្រជាក់ឡើយ ហើយគ្រប់ភេសជ្ជៈដែលយើងផឹកមានលាយជាមួយវាជានិច្ច។ សម្រាប់មនុស្សធំខ្លះមិនសូវជាមានបញ្ហាឡើយ ប៉ុន្តែសម្រាប់កូនក្មេងវិញ អាចមានផលប៉ះពាល់ច្រើន បើក្មេងទាំងនោះមានជំងឺរ៉ាំរ៉ៃច្រើន នេះបើតាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិ។
វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងថា គ្មានឯកសារផ្លូវការណាមួយដែលបញ្ជាក់ថា ទឹកកកធ្វើឲ្យប៉ះពាល់លើកុមារឡើយ ទាល់តែកុមារទាំងនោះមានជំងឺផ្លូវដង្ហើម ឬជំងឺរលាកបំពង់ក និងច្រមុះ ដែលធ្វើឲ្យជំងឺកាន់តែងាយរើឡើង។ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ បានបញ្ជាក់ទៀតថា ករណីខ្លះដូចជាការក្រឡុកផ្លែឈើ ធ្វើជាការ៉េម ក៏មានអនុញ្ញាតដែរ តែមិនមែនជាការដែលឲ្យកូនញ៉ាំទឹកកកទាំងកែវៗ ដូចមនុស្សធំធម្មតាឡើយ។


តាមការមើលឃើញរបស់យើងគ្រប់គ្នា ក្មេងដែលញ៉ាំ ឬផឹកអ្វីត្រជាក់ៗមានឱកាសឆ្លងជំងឺផ្ដាសាយ ក្អក ក្ដៅខ្លួន ឬហៀរសំបោរជាដើម ដែលនោះមួយផ្នែកមកពីទឹកកកមែន ដោយសារប្រព័ន្ធការពារខ្លួនឯង មិនទាន់រឹងមាំដូចក្មេងដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅទេ។ នេះជាការបញ្ជាក់បន្ថែមរបស់វេជ្ជបណ្ឌិតខាងលើ។
ក្នុងករណីទឹកកក ផលិតពីទឹកមិនស្អាត ឬមានដាក់សារធាតុគីមីទៀតនោះនឹងរឹតតែមានផលប៉ះពាល់ចំពោះសុខភាពក្មេងធ្ងន់ធ្ងរ។
អ្នកគ្រូពេទ្យក៏បន្ថែមទៀតថា ជាធម្មតារបបអាហារកុមារ គួរតែជាបន្លែ ផ្លែឈើ និងអាហារចម្រុះដែលជួយឲ្យប្រព័ន្ធភាពសាំរឹងមាំ អាចទប់ទល់នឹងជំងឺផ្សេងៗ មិនមែនជាពពួកអាហារផ្អាប់ ឬភេសជ្ជៈកំប៉ុងឡើយ៕


ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម