Connect with us

នៅតែមានជើងហោះហើរត្រង់ពីទីក្រុងដែលផ្ទុះជំងឺរលាកសួតនៅប្រទេសចិនមកកាន់ក្រុងព្រះសីហនុ ក្នុងសប្តាហ៍ក្រោយៗនេះ

ភ្នំពេញ៖ ថ្មីៗនេះ ជំងឺរលាកសួតម្យ៉ាង ដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានកំពុងផ្ទុះឡើង និងបានកើតទៅលើមនុស្សមួយចំនួន នៅក្នុងទីក្រុងវូហាន (Wuhan) ខេត្តហ៊ុយបេ (Hubei) ប្រទេសចិន ស្របពេលប្រទេសមួយចំនួន ដូចជា ថៃ និងវៀតណាម បានចេញវិធានការទប់ស្កាត់ជំងឺនេះ នៅតាមព្រលានយន្តហោះដែលមានជើងហោះហើរត្រង់ទៅកាន់ទីក្រុងមួយនេះ។ យ៉ាងណាមិញ មានការលើកជាសំណួរថា តើមានជើងហោះហើរត្រង់ពីទីក្រុងវូហាន (Wuhan-WUH) មកកាន់ប្រទេសកម្ពុជា ដែរ ឬទេ?

យោងតាមទិន្នន័យពីវេបសាយជើងហោះហើរ Skyscanner បានបង្ហាញថា ពិតជាមានជើងហោះហើរត្រង់ពីទីក្រុងវូហាន (Wuhan) មកកាន់ខេត្តព្រះសីហនុ ដោយធ្វើការហោះហើរ ពីក្រុងវូហាន មកកាន់ក្រុងព្រះសីហនុ នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ក្នុងរយៈពេលតែ៤ម៉ោង និង ៤៥នាទីតែប៉ុណ្ណោះ។


ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងថា ក្រសួងកំពុងតាមដានដោយយកចិត្តទុកដាក់បំផុត នូវស្ថានភាពកើតឡើងនៃជំងឺរលាកសួត មិនទាន់ស្គាល់អត្តសញ្ញាណនេះ។ ជំងឺនេះ មានអាការៈ ក្ដៅខ្លួន និងមានអ្នកជំងឺខ្លះមានរោគសញ្ញាហត់ និងថតកាំរស្មីអ៊ិច បានបង្ហាញថា មានដំបៅសួតទាំងសងខាង។

ក្រសួងបន្តថា ទោះបីជាមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថា ជំងឺនេះឆ្លងពីមនុស្សទៅមនុស្សនៅឡើយក៏ដោយ ក៏គិតត្រឹមថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ខេត្តចិន បានរាយការណ៍ថា មានអ្នកជំងឺចំនួន ៥៩នាក់ ដែលមានជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ ក្នុងនោះ មានចំនួន ៧នាក់ មានស្ថានភាពធ្ងន់ធ្ងរ ហើយអ្នកជំងឺដទៃទៀត មានស្ថានភាពហ្នឹងនរ។

សម្រាប់ប្រទេសកម្ពុជា គេមិនទាន់រកឃើញមានកើតជំងឺនេះដែរ ប៉ុន្តែក្រសួងបានដាក់ម៉ាស៊ីនស្កេនកម្ដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប ហើយស្រាវជ្រាវរកការសង្ស័យដោយក្រុមជំនាញ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក នៅមន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម