Connect with us

ក្រោយចេញលទ្ធផលប្រឡងបាក់ឌុបជាប់ហើយ សិស្សមួយចំនួន បានប្រញាប់ទៅលាបំណន់នៅព្រះអង្គដងកើ ដើម្បីសែនលាបំណន់

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមែនទែន នៅថ្ងៃម្សិលម៉ិញ ដោយសារតែជាថ្ងៃសិល៍ផង និង ជាថ្ងៃ ចេញលទ្ធផលប្រឡងបាក់ឌុប សម្រាប់មណ្ឌលរាជធានីភ្នំពេញ ដោយសារគេឃើញ មានសិស្ស ដែលប្រឡងជាប់ជាច្រើនរយនាក់ បានសម្រុកទៅលាបំណន់ នៅមុខព្រះអង្គដងកើ ។


ក្រុមយុវសិស្ស ដែលប្រឡងជាប់ បានទិញផ្កាឈូក ផ្លែឈើ ធូប ទៀន ដើម្បីយកទៅធ្វើការបន់ ស្រន់ លាបំណន់ និង សូមពរជ័យពីព្រះអង្គដងកើ ដែលជាទីកន្លែសក្តារបូជា ដ៏មានប្រជាប្រិយ ភាពសម្រាប់ពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ។ បើទោះបីជារឿងអបីយជំនឿ តែសិស្សជាច្រើន នៅតែប្រតិបត្តិជាពិសេស ការបួងសួងនៅមុន ពេលប្រឡង និង ការបួងសួងនៅក្រោយពេលចេញលទ្ធផលប្រឡង ។


បើយោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ បានបង្ហាញថា អ្នកជាប់មាន ៦៦,២១ ភាគរយ ស្មើនឹង ៧៥ ០៥៩ នាក់ ចាប់ពីនិទ្ទេស A ដល់ E ជាចំនួនដែលកើនឡើងជាងឆ្នាំមុន ចំនួន ២,៣៧ ភាគរយ ដែលមានអ្នកជាប់តែ ៦៣,៨៤ ភាគរយ ប៉ុន្តែ និទ្ទេស A, B និង C ធ្លាក់ចុះ។


បើតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំ បានអោយដឹងថា អ្នកជាប់និទ្ទេស A មាន ២៩០ នាក់, និទ្ទេស B មាន ១ ៥៣២, និទ្ទេស C មាន ៤ ៦៣១ នាក់, និទ្ទេស D មាន ១៣ ៩៩៩ នាក់ និងនិទ្ទេស E មាន ៥៤ ៦០៧ នាក់។


យ៉ាងណាក្ដី សម្រាប់អ្នកជាប់និទ្ទេស A មានត្រឹម ២៩០ នាក់ប៉ុណ្ណោះនៅក្នុងឆ្នាំនេះ គឺបានធ្លាក់ចុះជាងឆ្នាំមុនដែលមានរហូតដល់ ៤២៤ នាក់នៅទូទាំងប្រទេស ខណៈនិទ្ទេស B និង C ក៏ធ្លាក់ចុះដូចគ្នា។ ការធ្លាក់ចុះនិទ្ទេស A , B និង C នេះគឺដោយសារក្រសួងអប់រំបានបង្កើនស្ដង់ដារប្រធានវិញ្ញាសាប្រឡងឲ្យខ្លាំងជាងមុនក្នុងគោលដៅពង្រឹងគុណភាពអប់រំនិងជំរុញបេក្ខជនឲ្យខិតខំរៀនសូត្រ។
សូមបញ្ជាក់ថាបេក្ខជនចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ២០១៨ នេះមានសរុប ១១៥ ២៦៨ នាក់ក្នុងនោះមានស្រី ៥៨ ១៥៨ នាក់ ៕

  

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម